FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចក្រឡាហោម ស ខេង ចំពោះសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ

18-11-2026 18:13

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះសារលិខិតជូនពរចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

តាមរយៈសារលិខិតដែលធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ព្រមទាំងបានគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន ភាពឈ្លាសវៃ ការលះបង់ដ៏ធំធេង និងគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចក្រឡាហោម ស ខេង ក្នុងបុព្វហេតុនៃការកសាង បង្រួបបង្រួម និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់បន្ថែមអំពីស្នាដៃដ៏ធំធេងរបស់ សម្តេចក្រឡាហោម ក្នុងការដឹកនាំថែរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ព្រមទាំងការដាក់ចេញនូវបុរេសកម្មយុទ្ធសាស្ត្រក្នុងការជំរុញកំណែទម្រង់ស៊ីជម្រៅ ទាំងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ «វិមជ្ឈការ និងវិសហមជ្ឈការ» និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលនាំឱ្យស្ថាប័នរដ្ឋ និងសង្គមជាតិមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។

ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕