FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណប្រជាជនកម្ពុជា​ បង្ហាញលទ្ធផល នៃការចូលរួម​មហាសន្និបាតស្ដីពីសេរីភាព ដើម្បីប្រជាជាតិ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី

18-11-2026 17:27

(ភ្នំពេញ)៖​ តបតាមការអញ្ជើញរបស់គណបក្សរុស្ស៊ីរួបរួម (UnitedRussiaParty-URP) គណបក្សប្រជាជនកម្ពុជា បានចាត់តាំងគណៈប្រតិភូចូលរួមមហាសន្និបាត ស្ដីពី សេរីភាព ដើម្បីប្រជាជាតិ ដឹកនាំដោយលោក​ សួស យ៉ារ៉ា​ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ គណៈទាក់ទងការបរទេស និងមានការចូលរួមពីយុវជនគណបក្សថ្នាក់កណ្តាល តំណាងដោយលោក​ គឹម​​​​ សន្តិភាព អនុប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អមដោយជំនាញការសេដ្ឋកិច្ច និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងម៉ូស្គូ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសហព័ន្ធរុស្ស៊ី។

មហាសន្និបាតស្តីពីសេរីភាព ដើម្បីប្រជាជាតិ គឺជាវេទិកាអន្តរគណបក្សនយោបាយមកពីទ្វីបផ្សេងៗគ្នា ដែលត្រូវបានរៀបចំឡើងសម្រាប់ផ្លាស់ប្តូរមតិយោបល់ និងបើកឱ្យមានកិច្ចសន្ទនាដោយចំហររវាងអ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ យុវជន អ្នកជំនាញការសេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ លើប្រធានបទ នយោបាយសេដ្ឋកិច្ច និងវប្បធម៌ ពិសេសការទប់ស្កាត់ការជ្រៀតជ្រែកនយោបាយផ្ទៃក្នុង ដែលធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យ និងអធិបតេយ្យរបស់រដ្ឋនីមួយៗ ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ។

មហាសន្និបាតនេះមានការចូលរួមពីតំណាងគណបក្សនយោបាយចំនួនជាង៨០មក ពីបណ្តាប្រទេសចំនួន៧២ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក។

ក្នុងឱកាសនេះគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា បានចូលរួមថ្លែងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាត និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ក្នុងបរិការណ៍អន្តរជាតិ នាពេលបច្ចុប្បន្នចំនួន៣គឺ៖

*ទី១៖​ កិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មសំដៅអំពាវនាវឱ្យគ្រប់បណ្ដារដ្ឋនីមួយៗ ជៀសវាងធ្វើសកម្មភាពណាមួយដែលកម្មវិបាកអវិជ្ជមានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងប្រព័ន្ធទូរទាត់អន្តរជាតិ​ និងប្រឆាំងរាល់ទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋណាមួយផ្ទុយនឹងច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិទាំងឡាយរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)

*ទី២៖ កិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌​​ និងមនុស្សធម៌សំដៅលើកទឹកចិត្តឱ្យមានការតភ្ជាប់អន្តរវប្បធម៌ និងអន្តរអរិយធម៌ ជាពិសេសជំរុញឱ្យមានការចូលរួមពីយុវជនក្នុងសកម្មភាពការពារសេរីភាពសកលការពារតម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌពិភពលោក និងទាមទារឱ្យមានការសងនូវវត្ថុសិល្បៈដែលបានលួចប្លន់ និងរឹបអូសនៅក្នុងពេលសង្គ្រាម​​ និងបាត់បង់ក្នុងសម័យអាណានិគមនិយម

*ទី៣៖​ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីអន្តររដ្ឋ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនសំដៅលើកកម្ពស់ការអនុវត្តច្បាប់ការផ្ដល់សិទ្ធិ និងការគាំពារផ្នែកច្បាប់សម្រាប់ប្រជាពលរដ្ឋ និងមន្ត្រីនៃរដ្ឋនីមួយៗទៅវិញទៅមក។

គណៈប្រតិភូកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះមហាសន្និបាតដ៏មានសារៈសំខាន់នេះ និងបានថ្លែងអបអរសាទរដល់ខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (Treatyof Amityand Cooperationin Southeast Asia) ដែលជំរុញឱ្យមានកិច្ចសន្ទនាជាជាងជម្លោះសហប្រតិបត្តិការជាជាងការប្រឈមមុខគ្នា៕