FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពី Angklung ដល់ Poco-Poco៖ ការអបអរសាទរមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា នៅខេត្តព្រៃវែង

18-11-2026 16:57

(ព្រៃវែង)៖ ក្នុងបរិយាកាសពោរពេញដោយភាពរីករាយ និងភាពសាទរ បានគ្របដណ្ដប់លើសកម្មភាពនានាក្នុង «ទិវាឥណ្ឌូនេស៊ី» (Indonesian Day) ដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ នៅឯសាលារៀនមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈសកម្មភាពអប់រំ និងសកម្មភាពចូលរួមដោយផ្ទាល់ជាច្រើន សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់បន្ថែមអំពីប្រទេសឥណ្ឌូនេស៊ី និងទទួលបានបទពិសោធន៍ដោយផ្ទាល់នូវភាពសម្បូរបែបនៃវប្បធម៌ឥណ្ឌូនេស៊ី។

នៅក្នុងសុន្ទរកថារបស់លោក Krishnajie ដែលជាតំណាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ (Chargé d'Affaires ad Interim) បានសង្កត់ធ្ងន់ថា សាលារៀនមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា គឺជាសញ្ញានៃចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។ សាលារៀននេះមិនត្រឹមតែជាកន្លែងសម្រាប់ស្វែងរកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាស្ពានតភ្ជាប់ប្រជាជាតិទាំងពីរ តាមរយៈវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់មនុស្សជំនាន់ក្រោយ។

លោក Krishnajie បានមានប្រសាសន៍ថា៖ «អនាគតនៃទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា មិនមែនស្ថិតនៅក្នុងដៃរបស់ថ្នាក់ដឹកនាំបច្ចុប្បន្នតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្ថិតនៅក្នុងដៃរបស់យុវជនជំនាន់ក្រោយ ដែលកំពុងរីកចម្រើន និងសិក្សានៅក្នុងសាលារៀននេះផងដែរ»។

សកម្មភាពមួយក្នុងចំណោមសកម្មភាពដែលទាក់ទាញការចាប់អារម្មណ៍បំផុត គឺសិក្ខាសាលាស្តីពីឧបករណ៍តន្ត្រី «អាំងក្លុង» (Angklung) ដែលមានសិស្សប្រហែល ៣៥ នាក់ចូលរួម ដឹកនាំដោយអ្នកស្រី Meilani Martaria ដែលជាគ្រូបង្រៀនតន្ត្រីនៅមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូនេស៊ី (Pusbudi) Nusantara។ បន្ទាប់ពីបានហាត់សមជាមួយគ្នាអស់រយៈពេលប្រហែលមួយម៉ោង សិស្សានុសិស្សអាចលេងបទចម្រៀងខ្មែរមួយបទដែលមានចំណងជើងថា «អារ៉ាប៊ីយ៉ា» (Arapiya) ដោយប្រើឧបករណ៍តន្ត្រីអាំងក្លុងនេះបានយ៉ាងជោគជ័យ។ ការរួមបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីប្រពៃណីឥណ្ឌូនេស៊ី និងបទចម្រៀងខ្មែរដ៏ពេញនិយមនេះ បានបង្ហាញឱ្យឃើញថា វប្បធម៌អាចក្លាយជាស្ពានតភ្ជាប់ដែលនាំឱ្យប្រជាជាតិទាំងពីរកាន់តែជិតស្និទ្ធនឹងគ្នា។

ភាពសាទរស្រដៀងគ្នានេះ ក៏ត្រូវបានបង្ហាញឱ្យឃើញផងដែរនៅក្នុងការប្រកួតប្រជែងគូររូប និងដាក់ពណ៌ ដែលមានសិស្សថ្នាក់បឋមសិក្សាចំនួន ៦០ នាក់ចូលរួម។ តាមរយៈស្នាដៃរបស់ពួកគេ សិស្សានុសិស្សបានបង្ហាញពីគំនិតច្នៃប្រឌិត និងការយល់ដឹងរបស់ពួកគេអំពីចំណងមិត្តភាពរវាងឥណ្ឌូនេស៊ី និងកម្ពុជា។ សកម្មភាពទាំងនេះត្រូវបានបញ្ចប់ទៅដោយការរាំរបាំ «ប៉ូកូ-ប៉ូកូ» (Poco-Poco) ជារួម ដែលបានបង្កើតបរិយាកាសពោរពេញដោយភាពរីករាយ និងសាមគ្គីភាព។

ក្រៅពីការងារការទូតវប្បធម៌ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ ក៏បានផ្តោតលើការអភិវឌ្ឍសមត្ថភាពរបស់យុវជនជំនាន់ក្រោយនៅក្នុងយុគសម័យឌីជីថលផងដែរ។ ដោយសហការជាមួយក្រុមហ៊ុន Smart Axiata Cambodia ស្ថានទូតបានរៀបចំសិក្ខាសាលាស្តីពីចំណេះដឹងឌីជីថល (Digital Literacy) លោក អេង បាន នាយកសាលាមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា បានសម្តែងការកោតសរសើរចំពោះសកម្មភាពនេះ ក៏ដូចជាការគាំទ្រឥតឈប់ឈរពីស្ថានទូតឥណ្ឌូនេស៊ី សម្រាប់ការអភិវឌ្ឍសាលារៀន។ លោកបានចាត់ទុក «ទិវាឥណ្ឌូនេស៊ី» (Indonesian Day) ថាជាឱកាសដ៏មានតម្លៃមួយសម្រាប់សិស្សានុសិស្ស ក្នុងការស្វែងយល់បន្ថែមអំពីប្រទេសឥណ្ឌូនេស៊ី។

សាលាមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ តាមរយៈជំនួយឥតសំណងពីរដ្ឋាភិបាលឥណ្ឌូនេស៊ី គឺជាសក្ខីភាពជាក់ស្តែងនៃការចូលរួមចំណែករបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ជិតបីទសវត្សរ៍ក្រោយមក សាលារៀននេះ ដែលបច្ចុប្បន្នជាសាលារដ្ឋរបស់កម្ពុជា បានពង្រីកខ្លួនដោយរួមបញ្ចូលទាំងកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ដោយមានសិស្សានុសិស្សប្រមាណ ៧០០ នាក់។

តាមរយៈ «ទិវាឥណ្ឌូនេស៊ី» នេះ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ សង្ឃឹមថា យុវជនកម្ពុជាកាន់តែច្រើននឹងស្វែងយល់អំពីប្រទេសឥណ្ឌូនេស៊ី និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសនេះ។ សកម្មភាពនេះក៏បានសង្កត់ធ្ងន់ផងដែរថា មិត្តភាពរវាងប្រទេសនានា មិនត្រឹមតែត្រូវបានកសាងឡើងតាមរយៈទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈវិស័យអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងបទពិសោធន៍រួមគ្នា ដែលជួយបណ្តុះភាពស្និទ្ធស្នាលរវាងប្រជាជនតាំងពីវ័យក្មេងមកម្ល៉េះ៕