FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតឥណ្ឌូនេស៊ីជំរុញឱ្យធុរកិច្ចឥណ្ឌូនេស៊ីនៅកម្ពុជាមានភាពបត់បែន និងចេះគិតគូរទុកជាមុន ចំពោះការផ្លាស់ប្តូរគោលនយោបាយ

18-11-2026 16:52

(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូនេស៊ីបានជំរុញឱ្យធុរកិច្ចឥណ្ឌូនេស៊ីនៅកម្ពុជាមានភាពបត់បែន និងចេះគិតគូរទុកជាមុន ចំពោះការផ្លាស់ប្តូរគោលនយោបាយនានា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា។ ដោយមន្ត្រីស្ថានទូតបានជួបពិភាក្សាជាមួយសហគ្រិនឥណ្ឌូនេស៊ី សមាគមធុរកិច្ចក្នុងតំបន់ និងអាជ្ញាធរខេត្ត ដើម្បីវាយតម្លៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

លោក Krishnajie Partadireja ភារធារីស្ថានទូតឥណ្ឌូនេស៊ី បានមានប្រសាសន៍ក្នុងកិច្ចពិភាក្សាជាមួយសហគមន៍ធុរកិច្ចឥណ្ឌូនេស៊ី ដែលរួមមានអ្នកចែកចាយផលិតផលឥណ្ឌូនេស៊ី ម្ចាស់ហាងលក់រាយ និងម្ចាស់ភោជនីយដ្ឋានថា៖ «ក្នុងរយៈពេល១០ខែកន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគោលនយោបាយមួយចំនួន។ ធុរកិច្ចឥណ្ឌូនេស៊ីចាំបាច់ត្រូវរៀនស្វែងយល់ និងគិតគូរទុកជាមុនអំពីការវិវត្តទាំងនេះ ព្រមទាំងសម្របខ្លួនឱ្យបានសមស្រប ដើម្បីអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបាន»។

ជាការគួរឱ្យកត់សម្គាល់នៅចុងឆ្នាំ២០២៥ ចំនួនអាជីវកម្មដែលគ្រប់គ្រងដោយជនជាតិឥណ្ឌូនេស៊ីនៅកម្ពុជាបានកើនឡើង ដែលភាគច្រើនផ្តល់សេវាកម្មដល់ប្រជាជនឥណ្ឌូនេស៊ីដែលរស់នៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ជនជាតិឥណ្ឌូនេស៊ីមួយចំនួនក៏បានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់ផងដែរ។

ចំពោះស្ថានទូតឥណ្ឌូនេស៊ី ជម្លោះតាមព្រំដែនកម្ពុជា-ថៃ និងយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់របស់រាជរដ្ឋាភិបាល ចាប់តាំងពីដើមឆ្នាំ២០២៦ បានជំរុញឱ្យជនជាតិឥណ្ឌូនេស៊ីជាច្រើនចាកចេញពីប្រទេសកម្ពុជា។ ជាលទ្ធផល អាជីវកម្មមួយចំនួនធំដែលពឹងផ្អែកលើអតិថិជនទាំងនោះបានបិទទ្វារ ដោយសារទីផ្សារមានការរួមតូច។

លោក Krishnajie បានបន្ថែមថា៖ «ការវិវត្តនាពេលថ្មីៗនេះអាចផ្តល់ឱកាសដល់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីក្នុងការរៀបចំយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួនឡើងវិញ ជាពិសេសតាមរយៈការធ្វើទីផ្សារផលិតផលរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ជនជាតិខ្មែរ។ យើងក៏គួរតែសម្លឹងមើលឱកាសនៅក្នុងវិស័យទេសចរណ៍របស់កម្ពុជាផងដែរ»។

មន្រ្តីទូតរូបនេះ បានព្រមានទៅអ្នកធុរកិច្ចឥណ្ឌូនេស៊ីថា អាជីវកម្មដែលទទួលផលប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោលពីសកម្មភាពខុសច្បាប់ មិនអាចមានអាយុកាលយូរអង្វែងឡើយ ហើយនឹងប្រឈមមុខនឹងផលវិបាកនៅពេលអនាគត»។

លោក Krishnajie បានសង្កត់ធ្ងន់ថា ស្ថានទូតគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យធុរកិច្ចឥណ្ឌូនេស៊ី ដែលប្រកបអាជីវកម្មស្របច្បាប់ បន្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលរស់នៅក្នុងប្រទេសកម្ពុជា ឱ្យគោរពតាមបទប្បញ្ញត្តិជាធរមាន និងធានាថាខ្លួនមានអាជ្ញាបណ្ណអាជីវកម្មដែលតម្រូវដោយច្បាប់។

នៅក្នុងជំនួបនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប រួមទាំងសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចក្នុងតំបន់ បានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល និងជួយសម្រួលដល់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីនៅកម្ពុជា។

សូមជម្រាបថា យោងតាមតួលេខចុងក្រោយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) និងក្រសួងទេសចរណ៍កម្ពុជា ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងរយៈពេលខែមករា ដល់ខែតុលា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ចំនួន ១,១២ ពាន់លានដុល្លារអាមេរិក ដែលបានលើសពីទំហំទឹកប្រាក់សរុបពេញមួយឆ្នាំ២០២៥ ដែលមានចំនួន ១,០៨៩ ពាន់លានដុល្លារអាមេរិក រួចទៅហើយ។ ចំពោះវិស័យទេសចរណ៍វិញ មានភ្ញៀវទេសចរឥណ្ឌូនេស៊ីប្រមាណ ៧០.០០០នាក់ បានធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេលខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦៕