ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
18-11-2026 16:38
(ភ្នំពេញ)៖ លោក គ្រីស្តូហ្វឺ អែនឌើសុន (Christopher Anderson) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានអះអាងថា អាមេរិកនៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា និងថៃ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសោមនស្សរីករាយ ដោយបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកម្ពុជា។ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់បន្ថែមថា អាមេរិក និងកម្ពុជា នៅមានកាលានុវត្តភាពជាច្រើនទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាថា ក្នុងអាណត្តិការងារនៅកម្ពុជា លោកនឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចមហាបវរធិបតីថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយអាមេរិកនៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតី បានសម្តែងការអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលអាមេរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់នាពេលកន្លងមក និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ និងការបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ។ សម្តេចមហាបវរធិបតី ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
សម្ដេចមហាបវរធិបតី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសក្តានុពល រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។
សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តដល់លោកឯកអគ្គរដ្ឋទូត ឱ្យបន្តការភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕








