កម្ពុជាបន្តចូលរួមជាមួយបណ្ដារដ្ឋអាស៊ាន ដើម្បីបង្កើនចំណេះដឹងការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន
18-11-2026 16:38
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងបែបនេះក្រោយពីលោកទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំសហការី សម្របសម្រួលជាមួយបណ្ដាក្រសួងជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលអនុវត្តការងារផ្សព្វផ្សាយអប់រំ ដើម្បីចូលរួមជាមួយបណ្ដារដ្ឋអាស៊ានទាំង១១ បញ្ចប់ «វគ្គបណ្ដុះបណ្ដាលពីប្រសិទ្ធភាពក្នុងតំបន់អាស៊ាន៖ ការអន្តរាគមន៍ចុងក្រោយផ្អែកលើភស្តុតាង» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយដំណើរការបានពីរ វគ្គរួចមកហើយគឺនៅថ្ងៃទី៤ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ កើតចេញពីកិច្ចសហការនិងការខិតខំប្រឹងប្រែងរួមគ្នារវាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាស៊ានសម្រាប់ការអប់រំបង្ការគ្រឿងញៀន (ATCPDE), ក្រុមប្រឹក្សាគ្រឿងញៀនគ្រោះថ្នាក់ (DDB) និងអង្គការ UNODC ជាកិច្ចប្រជុំតាមប្រព័ន្ធពីចម្ងាយ Zoom ពីប្រទេសហ្វីលីពីន ដែលមានរយៈពេលបីថ្ងៃ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានថ្លែងជម្រាបជូនបន្ថែមថា សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលនេះទទួលបានចំណេះដឹងពីការចែករំលែកបទពិសោធន៍លើការងារ រួមមាន៖ ការផ្លាស់ប្ដូរកម្មវិធីជាសកល-តំបន់ លើការបង្ការគ្រឿងញៀន, នវានុវត្តន៍ក្នុងកម្មវិធីអប់រំតាមសាលារៀន, គំនិតផ្ដួចផ្ដើមយុវជនជួយយុវជន និងការប្រើប្រាស់បណ្ដាញសង្គម, ការកសាងភាពជាដៃគូប្រកបដោយចីរភាពក្នុងបរិបទមនុស្សធម៌, ការកៀរគរការចូលរួមពីសហគមន៍ ព្រមទាំងការតាមដាន និងវាយតម្លៃដើម្បីជំរុញការគាំទ្រ៕























