FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជួបពិភាក្សាជាមួយនាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាថ្មី ប្រចាំកម្ពុជា​​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអញ្ជើញទស្សនកិច្ចព្រំដែនកម្ពុជា-ថៃ

18-11-2026 16:32

(ភ្នំពេញ)​​៖​​​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ​ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក អភិសេក អារ៉ូរ៉ា នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងនាមនាយឧត្តមសេនីយ៍ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស​ ពិសេន​ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ,​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកវីរសេនីយ៍ឯក អភិសេក អារូរ៉ា ដែលជានាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាលើកដំបូង ដែលមានការិយាល័យ​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផ្ទាល់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចាត់ទុកថា វត្តមានរបស់លោកនាយការិយាល័យអនុព័ន្ធយោធាអមស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នាពេលនេះ គឺពិតជាបាននាំមកនូវការពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-កងទ័ពឥណ្ឌា។

ក្នុងកិច្ចសន្ទនា នាឱកាសនោះ ភាគីទាំងពីរបានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៍ជិតស្និទ្ធ ផ្អែកលើទំនាក់ទំនងប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែប រវាងប្រទេសកម្ពុជា-ឥណ្ឌា ព្រមជាមួយនឹងការវិវត្តន៍រីកចម្រើនទៅលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ជាពិសេសការបើកស្នាក់ការការិយាល័យអនុព័ន្ធយោធាអមស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជានាពេលថ្មីៗនេះ ដោយបានបង្ហាញអំពីការវិវត្តន៍ដ៏រីកចម្រើនថ្មីថែមទៀតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ក្រៅពីកិច្ចសហប្រតិបត្តិការល្អលើវិស័យជាច្រើន នៅពេលថ្មីៗនេះ កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌា ទើបតែបានបញ្ចប់ដោយជោគជ័យនូវសមយុទ្ធលើកទី២ នៅកម្ពុជាក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភារវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្ដែងនូវអំណរគុណចំពោះលោកវរសេនីយ៍ឯក អភិសេក អារូរ៉ា ដែលបានលើកឡើងអំពីតួនាទីភារកិច្ចចំពោះមុខ របស់អនុព័ន្ធយោធាឥណ្ឌាប្រចាំនៅកម្ពុជា ពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស-លើជំនាញបច្ចេកទេសយោធាគ្រប់ប្រភេទ និងការផ្លាស់ប្ដូរទស្សនៈកិច្ចយោធាគ្រប់កម្រិត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្ដល់ការគាំទ្រដល់បេសកកម្មរបស់នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ឱ្យបំពេញការងារប្រកបដោយជោគជ័យ ហើយនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ សង្ឃឹមថា ក្រុមការងារនៃការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំនៅកម្ពុជា នឹងបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមក្នុងកាលពិនិត្យ និងតាមដានសភាពការណ៍ពិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ បានដោយផ្ទាល់ផងដែរ៕