FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ជាកម្លាំងចិត្តជំរុញឱ្យបណ្ឌិត ម៉ី កល្យាណ បង្កើនការផ្សព្វផ្សាយសៀវភៅ «មាគ៌ាជីវិត» បណ្ដុះសីលធម៌ គុណធម៌ ដែលជាគ្រឹះដ៏សំខាន់របស់មនុស្ស (Video inside)

18-11-2026 16:16

(ភ្នំពេញ)៖ បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានបង្ហាញនូវក្ដីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះលិខិតមួយច្បាប់មកជូនលោក ដោយសម្តេចបានកោតសរសើរ ចំពោះការខិតខំរបស់បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែងបកប្រែសៀវភៅដ៏មានអត្ថន័យ «មាគ៌ាជីវិត»។

បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ ចាត់ទុកលិខិតរបស់សម្តេចតេជោថា ជាកម្លាំងចិត្តដ៏ធំធេង សម្រាប់ជំរុញឱ្យលោក និងក្រុមការងារបន្តខិតខំផ្សព្វផ្សាយសៀវភៅនេះ ដើម្បីលើកកម្ពស់សីលធម៌ និងគុណធម៌ក្នុងសង្គមខ្មែរ។

ការលើកឡើងរបស់លោកបណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News ជុំវិញគុណតម្លៃរបស់សៀវភៅ «មាគ៌ាជីវិត» ក្នុងការលើកកម្ពស់គុណធម៌ សីលធម៌ និងសុភាវធម៌មនុស្សក្នុងសង្គម។

លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា «ការទទួលបានលិខិតពីសម្ដេចតេជោ បានធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង ព្រោះជាការលើកទឹកចិត្ត និងបង្ហាញថា អ្វីដែលយើងខ្ញុំកំពុងធ្វើ គឺជាការងារដ៏ត្រឹមត្រូវ និងសមស្រប ដែលគួរបន្តអនុវត្តទៅមុខទៀត។ ជាពិសេស សាររបស់សម្ដេចតេជោ ដែលបានលើកឡើងពីការលើកកម្ពស់សីលធម៌ និងគុណធម៌ ដើម្បីឱ្យសង្គមខ្មែរមានសុខដុមរមនា និងការអភិវឌ្ឍបន្ថែមទៀត បានជ្រាបចូលក្នុងចិត្តរបស់ខ្ញុំ និងក្រុមការងារទាំងមូល»។

លោកបណ្ឌិត ម៉ី កល្យាណ បានចាត់ទុកថា «ការលើកទឹកចិត្តនេះ មិនមែនជាកម្លាំងចិត្តសម្រាប់តែខ្ញុំម្នាក់នោះទេ ប៉ុន្តែជាថាមពលសម្រាប់ក្រុមការងារទាំងមូល ឱ្យបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងជំរុញការងារលើកកម្ពស់សីលធម៌ គុណធម៌ឱ្យកាន់តែសកម្មថែមទៀត។ ក្នុងចំណោមកម្លាំងសំខាន់បីរបស់មនុស្ស គឺកម្លាំងកាយ កម្លាំងបញ្ញា និងកម្លាំងចិត្ត។ កម្លាំងចិត្តមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញឱ្យមនុស្សបន្តការងារ និងមិនបោះបង់គោលដៅ»។

លោកបណ្ឌិត ម៉ី កល្យាណ បានគូសបញ្ជាក់ថា សីលធម៌ និងគុណធម៌ គឺជាគ្រឹះដ៏សំខាន់បំផុតរបស់មនុស្ស ដែលសំខាន់ជាងការមានចំណេះដឹង ឬជំនាញបច្ចេកទេសតែមួយមុខ។ ទោះបីមនុស្សមានចំណេះដឹងខ្ពស់ មានជំនាញឯកទេស ឬមានសមត្ថភាពក្នុងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យាយ៉ាងណាក៏ដោយ ប្រសិនបើខ្វះសីលធម៌ គុណធម៌ និងមិនចេះបែងចែកខុសត្រូវ នោះសមត្ថភាពទាំងនោះមិនអាចប្រើប្រាស់ ដើម្បីបម្រើផលប្រយោជន៍សង្គម និងប្រទេសជាតិបានពេញលេញឡើយ។

លោកបណ្ឌិតបានបន្តថា ការកសាងប្រទេសជាតិ មិនអាចពឹងផ្អែកតែលើធនធានធម្មជាតិ បច្ចេកវិទ្យា កម្លាំងពលកម្ម ឬកត្តាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្ដោតលើការកសាងធនធានមនុស្ស ដែលមានសីលធម៌ គុណធម៌ វិន័យ និងការទទួលខុសត្រូវផងដែរ។

លោកបណ្ឌិតយល់ថា មនុស្សល្អគឺជាសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ ព្រោះសង្គមដែលមានមនុស្សល្អច្រើន នឹងអាចកាត់បន្ថយបញ្ហាសង្គម និងបង្កើតបរិយាកាសល្អសម្រាប់ការរស់នៅ និងការអភិវឌ្ឍ។ សីលធម៌ និងគុណធម៌ក្នុងសង្គមខ្មែរនៅមានចំណុចខ្វះខាត ដែលត្រូវការការយកចិត្តទុកដាក់ និងពង្រឹងបន្ថែម។ ដូច្នេះ ការលើកកម្ពស់សីលធម៌ និងគុណធម៌មិនគួរត្រឹមតែការលើកឡើងពីបញ្ហា ឬការរិះគន់ចំណុចខ្វះខាតនោះទេ ប៉ុន្តែត្រូវមានគោលការណ៍ ក្រមសីលធម៌ និងការណែនាំច្បាស់លាស់ ដើម្បីឱ្យមនុស្សយល់ពីអ្វីដែលត្រូវធ្វើ និងរបៀបប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវ។

លោកបណ្ឌិតបានចាត់ទុកសៀវភៅ «មាគ៌ាជីវិត» ដែលនិពន្ធដោយលោក អ៊ីណាម៉ូរី ជាសៀវភៅដ៏មានតម្លៃមួយសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលសីលធម៌ គុណធម៌។ លោកបានពន្យល់ថា សៀវភៅនេះប្រមូលផ្ដុំគំនិត និងទស្សនៈល្អៗពីព្រះពុទ្ធសាសនា ទស្សនៈខុងជឺ និងទស្សនៈផ្សេងៗទៀត ដោយផ្ដល់នូវការណែនាំជាក់ស្ដែងអំពីរបៀបរស់នៅ ការប្រព្រឹត្តខ្លួន និងការបំពេញការងារឱ្យបានត្រឹមត្រូវ។

លោកបណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ បានបន្ថែមថា ការអប់រំសីលធម៌មិនគួរផ្ដោតតែលើការប្រាប់មនុស្សថា អ្វីដែលមិនគួរធ្វើនោះទេ ប៉ុន្តែត្រូវណែនាំឱ្យបានច្បាស់ថា តើអ្វីដែលគួរធ្វើ និងត្រូវអនុវត្តយ៉ាងដូចម្ដេចក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះ សៀវភៅ «មាគ៌ាជីវិត» អាចដើរតួនាទីជាមគ្គុទ្ទេសក៍មួយ ក្នុងការជួយឱ្យមនុស្សសិក្សា យល់ដឹង និងអនុវត្តសីលធម៌ គុណធម៌ជាក់ស្ដែង។

លោកបណ្ឌិតបានបន្ថែមថា ដើម្បីឱ្យការលើកកម្ពស់សីលធម៌ និងគុណធម៌ទទួលបានប្រសិទ្ធភាព ត្រូវមានការរៀបចំជាប្រព័ន្ធច្បាស់លាស់ តាមរយៈការផ្សព្វផ្សាយសៀវភៅ ការបង្កើតមគ្គុទ្ទេសក៍ និងការរៀបចំកម្មវិធីអប់រំដែលអាចឱ្យមនុស្សយកទៅសិក្សា និងអនុវត្តបានជាបន្តបន្ទាប់។

លោកបានបញ្ជាក់ថា ការកសាងមនុស្សឱ្យមានសីលធម៌ និងគុណធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងសង្គមដែលមានសុខដុមរមនា និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕