FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ៖ «ការចេះដាក់ខ្លួន» មិនមែនដាក់ខ្លួនរហូតឱ្យគេជាន់ទេ ប៉ុន្តែជាការយកចំណេះជំនាញ ដែលខ្លួនមានមកជួយសង្គម (Video inside)

18-11-2026 16:14

(ភ្នំពេញ)៖ បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានលើកឡើងថា ការចេះដាក់ខ្លួន គឺជាគុណតម្លៃមួយដែលមនុស្សគ្រប់រូបគួរប្រកាន់ខ្ជាប់ ដោយមិនមែនមានន័យថា ត្រូវបន្ទាបខ្លួនរហូតដល់ឱ្យអ្នកដទៃមើលងាយ ឬជាន់ឈ្លីនោះទេ ប៉ុន្តែជាការប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពដែលខ្លួនមាន ដើម្បីបម្រើប្រយោជន៍អ្នកដទៃ សង្គម និងប្រទេសជាតិ។

ការលើកឡើងរបស់លោកបណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News ជុំវិញគុណតម្លៃរបស់សៀវភៅ «មាគ៌ាជីវិត» ក្នុងការលើកកម្ពស់គុណធម៌ សីលធម៌ និងសុភាវធម៌មនុស្សក្នុងសង្គម។

បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ បានថ្លែងឱ្យដឹងថា តាមទស្សនៈរបស់លោក អ៊ីណាម៉ូរី ការចេះដាក់ខ្លួនជាគំនិតដែលជំរុញឱ្យមនុស្សចេះគិតពិចារណាឱ្យបានជ្រៅ និងប្រើប្រាស់សមត្ថភាពរបស់ខ្លួនដើម្បីធ្វើអំពើល្អចំពោះអ្នកដទៃ។ ជាក់ស្ដែង មនុស្សម្នាក់ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ឬទទួលបានសញ្ញាបត្របណ្ឌិត មិនគួរយកចំណេះដឹង និងឋានៈរបស់ខ្លួនទៅប្រើប្រាស់ក្នុងការជិះជាន់ កៀបសង្កត់ ឬប្រព្រឹត្តអំពើពុករលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែគួរយកចំណេះដឹងទាំងនោះទៅចូលរួមដោះស្រាយបញ្ហា និងជួយអភិវឌ្ឍសង្គម។

បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ បានបន្ថែមថា ខ្លឹមសារសំខាន់នៃការចេះដាក់ខ្លួន គឺការគិតគូរពីប្រយោជន៍អ្នកដទៃ និងសង្គមជាធំ មិនមែនផ្ដោតតែលើផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ទោះបីជាយ៉ាងណា មនុស្សម្នាក់ៗក៏ត្រូវមានភាពរឹងមាំ និងសមត្ថភាពផ្ទាល់ខ្លួនជាមុនសិន ដើម្បីអាចជួយអ្នកដទៃបានប្រកបដោយប្រសិទ្ធភាព។

បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ បានលើកជាឧទាហរណ៍ថា វិស្វករដែលមានជំនាញ ឬគ្រូពេទ្យដែលមានចំណេះដឹងវិជ្ជាជីវៈ គួរប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីបម្រើមនុស្សជាតិ ជួយសង្គម និងចូលរួមអភិវឌ្ឍប្រទេស មិនមែនប្រើប្រាស់ចំណេះដឹង ឬតួនាទីដើម្បីលើកតម្កើងតែខ្លួនឯងនោះទេ។

លោកបណ្ឌិតបានបញ្ជាក់ថា ការចេះដាក់ខ្លួនមិនមែនជាការបន្ទាបតម្លៃខ្លួនឯងឡើយ ប៉ុន្តែជាការមានចិត្តសុភាពរាបសា ចេះប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនក្នុងគោលបំណងជួយអ្នកដទៃ សង្គម និងប្រទេសជាតិ៕