ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ (Video inside)
18-11-2026 16:11
(ភ្នំពេញ)៖ ជួបជាមួយអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ហើយក៏ឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក ដាតុ នួរ ចាហ្ស្លាន ប៊ីន តាន់ស្រ៊ី ម៉ូហាម៉េដ (Datuk Nur Jazlan bin Tan Sri Mohamed) អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា។ អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក៏បានគូសបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក៏បានបន្ថែមថា ដោយឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី លោកសង្ឃឹមថាប្រទេសទាំងពីរ នឹងរៀបចំសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ លោកអនុប្រធានព្រឹទ្ធសភា សម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាន ស្របពេលដែលវិនិយោគិនម៉ាឡេស៊ី ពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញជំនឿជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នឹងបន្តស្វែងរកកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។
សម្ដេចមហាបវរធិបតី ក៏បានសម្ដែងការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យបានបរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែង និងភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា រួមទាំងវិនិយោគិនម៉ាឡេស៊ីផងដែរ។ ផ្អែកលើកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាសក្ដានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា សម្តេចមហាបវរធិបតី បានគូសរំលេចថា កម្ពុជា និងម៉ាឡេស៊ី នៅមានកាលានុវត្តភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការជំរុញការបង្កើតឧស្សាហកម្មហាឡាល (Halal) ដើម្បីរួមចំណែកធានាដល់ការរក្សាបាននូវសន្តិសុខស្បៀង។
ក្នុងកិច្ចពិភាក្សានេះ សម្តេចមហាបវរធិបតី ក៏បានជម្រាបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕





