ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៧ នៅទីក្រុងម៉ានីល ខណៈទីម័រឡេស្តេត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកទី១១
18-11-2026 15:54
(ម៉ានីល)៖ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារ Shangri-La កណ្តាលទីក្រុងម៉ានីល ក្រោមមូលបទ «សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល»។
ពិធីបើកមហាសន្និបាតដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដោយមានវត្តមានប្រធានសភាប្រទេសសមាជិកអាស៊ាន ព្រមទាំងប្រតិភូសភាសង្កេតការណ៍អាយប៉ា ដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសរបស់ម្ចាស់ផ្ទះរៀបចំមហាសន្និបាត ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព និងចក្ខុវិស័យរួមរបស់អាស៊ាន ក្នុងដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា ប្រកបដោយសុខសន្តិភាព វិបុលភាព ចីរភាព និងបរិយាបន្ន។
នៅក្នុងពិធីបើកជាផ្លូវការមហាសន្និបាតនេះ ប្រធានអាយប៉ាលើកទី៤៧ បានប្រកាសទទួលស្គាល់សាធារណរដ្ឋទីម័រឡេស្តេ ជាសមាជិកមួយបន្ថែមទៀតរបស់ AIPA។ ការបញ្ចូលសភានៃសាធារណរដ្ឋទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់ AIPA នឹងធ្វើឡើងនៅក្នុងរសៀលថ្ងៃទី១៨ ខែវិច្ឆិកា នេះ ដែលនឹងធ្វើឱ្យសមាជិក AIPA កើនឡើងដល់ ១១ប្រទេស រួមមាន សភាព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងទីម័រឡេស្តេ។
ថ្លែងក្នុងឱកាសនោះ លោក ហ្វូស្ទីណូ បូជី ឌី ទី៣ បានថ្លែងអំណរគុណជ្រាលជ្រៅដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទាំងអស់ ដែលបានមកជួបជុំគ្នានៅក្នុងទីក្រុងម៉ានីល ដើម្បីបង្ហាញពីសាមគ្គីភាព និងការរួមសហការគ្នា ក្នុងការលើកកម្ពស់យន្តការសភា កិច្ចសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។
លោកប្រធានអាយប៉ាលើកទី៤៧ ក៏បានរំលេចពីតួនាទីសំខាន់របស់សមាជិកសភា នៅក្នុងការលើកកម្ពស់កិច្ចសន្ទនាសម្រាប់ផលប្រយោជន៍ពលរដ្ឋនៅក្នុងតំបន់ ដែលពោរពេញដោយសក្តានុពលធម្មជាតិ និងធនធានមនុស្ស។ អំឡុងពេលមហាសន្និបាតនេះ សមាជិកសភា និងដៃគូទាំងអស់ នឹងពិភាក្សាលើប្រធានបទនានាជាច្រើនតាមរយៈយន្តការសំខាន់ៗ ដូចជា កិច្ចប្រជុំពេញអង្គ វេទិកាអ្នកនយោបាយស្ត្រី កិច្ចប្រជុំគណៈកម្មាធិការស្ត្រី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា ជាដើម ក្រោមបរិយាកាសសាមគ្គីភាព ដើម្បីអនាគតរួមរបស់អាស៊ាន។
គួរជម្រាបជូនថា អន្តរសភាអាស៊ាន (អាយប៉ា) គឺជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាជនប្រមាណជិត ៧០០លាននាក់។ ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA បំពេញការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិយោបល់ និងទស្សនៈតំណាងពលរដ្ឋ ក្នុងនាមជាដៃគូមិនអាចខ្វះបានរបស់អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាសហគមន៍តែមួយប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។
សូមបញ្ជាក់ថា ក្រោយពិធីបើកមហាសន្និបាតហើយ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ក៏នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ទៅកាន់មហាសន្និបាតផងដែរ៕










