អាជ្ញាធរចុះបិទគ្លីនិកឯកជន «ផេង សុវណ្ណារ័ត្ន» នៅខណ្ឌពោធិ៍សែនជ័យ ក្រោយមានកុមារីអាយុ៦ឆ្នាំម្នាក់ស្លាប់ ខណៈមន្រ្តីជំនាញក្រសួងសុខាភិបាលបន្តស្រាវជ្រាវ

18-11-2026 15:28

(ភ្នំពេញ)៖ គ្លីនិកឯកជន «ផេង សុវណ្ណារ័ត្ន» ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះអនុវត្តវិធានការបិទជាស្ថាពរនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងសុខាភិបាល មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។

យោងតាមកំណត់ហេតុ នៃការចុះអនុវត្តវិធានការបិទទីតាំង និងការបញ្ជាក់របស់លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ការចុះបិទគ្លីនិកខាងលើធ្វើឡើង ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការតាមនីតិវិធី។ ចំពោះការស្រាវជ្រាវ និងការពិនិត្យលើទិដ្ឋភាពបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ត្រូវបានទុកជូនក្រសួងសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធបន្ត នីតិវិធីតាមសមត្ថកិច្ចរៀងៗខ្លួន។

ការចុះបិទគ្លីនិកនេះ បានធ្វើឡើងបន្ទាប់ពីមានករណីកុមារីអាយុ៦ឆ្នាំម្នាក់ បានទទួលមរណភាព ក្រោយសម្រាកព្យាបាលនៅគ្លីនិកឯកជនខាងលើ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា។ ករណីនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងក្រុមគ្រួសាររងគ្រោះ។

យោងតាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយកុមារីឈ្មោះ លី សុភ័ក្ត្រ និងភរិយាឈ្មោះ អាត លីដា ដែលមានទីលំនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៧៖០០នាទីព្រឹក កូនស្រីរបស់ពួកគាត់ឈ្មោះ សុភ័ក្ត្រ ពេជ្រចរណៃ អាយុ៦ឆ្នាំ មានអាការៈក្តៅខ្លួន ទើបឪពុកម្ដាយបាននាំទៅពិនិត្យ និងព្យាបាលនៅគ្លីនិកឯកជនខាងលើ។

តាមការរៀបរាប់ក្នុងពាក្យបណ្ដឹងដដែល គ្រូពេទ្យម្ចាស់គ្លីនិកឈ្មោះ ផេង សុវណ្ណារ័ត្ន បានប្រាប់ឪពុកម្ដាយថា កុមារីមានជំងឺមួយប្រភេទដែលអាចព្យាបាលជាសះស្បើយបាន ប៉ុន្តែត្រូវការរយៈពេលប្រមាណមួយសប្ដាហ៍។ ក្រោយមក គ្រូពេទ្យបានប្រាប់ថា កុមារីមានជំងឺគ្រុនឈាម ហើយក្រុមគ្រួសារក៏សម្រេចឱ្យកូនសម្រាកព្យាបាលនៅទីនោះ។

ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលសម្រាកព្យាបាលរយៈពេល៦ថ្ងៃ កុមារីមិនមានសភាពធូរស្រាលគួរឱ្យកត់សម្គាល់នោះទេ ខណៈការព្យាបាលដោយការចាក់ថ្នាំ និងផ្ដល់ថ្នាំត្រូវបានបន្តធ្វើឡើង។

លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពេលកុមារីមានអាការៈធ្ងន់ធ្ងរ និងពិបាកដកដង្ហើម ខាងគ្លីនិកបានណែនាំឱ្យក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលការព្យាបាលបន្ត។ ទោះជាយ៉ាងណា ក្រោយពីទទួលការជួយសង្គ្រោះ កុមារីបានទទួលមរណភាពនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៣៖០០នាទីរសៀល។

ក្នុងពាក្យបណ្ដឹង ឪពុកម្ដាយកុមារីបានលើកឡើងពីការសង្ស័យថា ដំណើរការព្យាបាលអាចមានភាពមិនប្រុងប្រយ័ត្ន ឬធ្វេសប្រហែស ដែលពួកគាត់យល់ថា អាចជាកត្តាពាក់ព័ន្ធនឹងការបាត់បង់ជីវិតកូនស្រីរបស់ខ្លួន។ ដូច្នេះ ពួកគាត់បានស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកការពិត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទទួលបានយុត្តិធម៌។

សូមបញ្ជាក់ថា ការចុះបិទទីតាំងគ្លីនិកខាងលើ គឺជាវិធានការរដ្ឋបាលលើទីតាំង ខណៈការកំណត់អំពីមូលហេតុពិតប្រាកដនៃការបាត់បង់ជីវិតកុមារី និងការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈរបស់អ្នកពាក់ព័ន្ធ ត្រូវរង់ចាំលទ្ធផលស្រាវជ្រាវ និងការសម្រេចរបស់ស្ថាប័នមានសមត្ថកិច្ចតាមនីតិវិធីច្បាប់។

ការអនុវត្តវិធានការនេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការត្រួតពិនិត្យសេវាសុខាភិបាលឯកជន ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងធានាថា សេវាព្យាបាលជំងឺត្រូវគោរពតាមស្តង់ដារ និងបទប្បញ្ញត្តិជាធរមាន៕