FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រំលែកទុក្ខគ្រួសារពលរដ្ឋ ៣នាក់ស្លាប់​ ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុករវៀង

18-11-2026 14:37

(ព្រះវិហារ)៖ លោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា រួមជាមួយក្រុមការងារ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនក្រុមគ្រួសារសពពលរដ្ឋមួយគ្រួសារ ដែលមានសមាជិក៣នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រួមគ្នា ដែលកំពុងរៀបចំពិធីបុណ្យតាមប្រពៃណី នៅភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោក ពឹង ទ្រីដា បានពាំនាំនូវផ្តាំផ្ញើ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីលោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់ម្តាយ និងកូនស្រី២នាក់ ជាទីស្រឡាញ់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អកុសលនេះ។

ជាមួយគ្នានេះ លោកបានសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារដែលមានអត្តចរិតស្លូតបូត សុភាពរាបសារ និងបានបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធសពទាំង៣នាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍សមត្ថកិច្ច ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥៖២០នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ រវាងរថយន្តម៉ាក Toyota ពណ៌ស និងម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

ក្នុងហេតុការណ៍នេះ អ្នកបើកបរម៉ូតូឈ្មោះ នុន សូនីកា ភេទស្រី អាយុ២៥ឆ្នាំ និងអ្នករួមដំណើរចំនួន២នាក់ គឺកុមារី សុខុម សូនីតា អាយុ៨ឆ្នាំ និងកុមារី សុខុម រាជនី អាយុ២ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុទាំង៣នាក់ ជនរងគ្រោះទាំង៣មានទីលំនៅភូមិបុះពៃ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

តាមការបញ្ជាក់ក្នុងរបាយការណ៍បឋម កត្តាដែលបង្កឱ្យមានគ្រោះថ្នាក់នេះ គឺអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងមិនប្រកាន់ស្តាំ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណ។

បច្ចុប្បន្ន វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរមទម ខណៈសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណអ្នកបើកបររថយន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕