ការបដិសេធបារីអេឡិចត្រូនិកនៅថ្ងៃនេះ គឺជាការការពារសុខភាព អនាគត និងក្តីសង្ឃឹមរបស់ខ្លួននៅថ្ងៃស្អែក
18-11-2026 13:58
(ភ្នំពេញ)៖ ថ្លែងនៅក្នុងសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិក» លោក ជា ចំណាន រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសកល ភាវូបនីយកម្ម ផលិតផលបារីអេឡិចត្រូនិក ឬដែលគេស្គាល់ជាទូទៅថា Vape បានក្លាយជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេសពីសំណាក់រាជរដ្ឋាភិបាល និងសង្គមទាំងមូល។
ផលិតផលទាំងនេះត្រូវបានផលិតឡើងក្នុងទម្រង់ រូបរាង ពណ៌ និងរសជាតិជាច្រើនប្រភេទដែលអាចទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកប្រើប្រាស់ ជាពិសេសកុមារ និងយុវជន។ ជាមួយគ្នានេះ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការបង្ហាញរូបភាព នៃភាពទាន់សម័យ និងការយល់ច្រឡំថា បារីអេឡិចត្រូនិកមានគ្រោះថ្នាក់តិច ឬមិនប៉ះពាល់ដល់សុខភាព បានធ្វើឱ្យមនុស្សមួយចំនួនមិនបានយល់ច្បាស់អំពីហានិភ័យដែលអាចកើតមាន។
លោកបានបន្តថា «ការបង្ការបារីអេឡិចត្រូនិក គឺមិនមែនគ្រាន់តែជាការបង្ការទម្លាប់អាក្រក់មួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការការពារសុខភាព ការការពារធនធានមនុស្ស និងការការពារអនាគតរបស់ប្រទេសជាតិ»។ «យុវជនដែលមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ។ «ការបដិសេធបារីអេឡិចត្រូនិកនៅថ្ងៃនេះ គឺជាការការពារសុខភាព អនាគត និងក្តីសង្ឃឹមរបស់ខ្លួននៅថ្ងៃស្អែក»។
ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសកល ភាវូបនីយកម្ម ផលិតផលបារីអេឡិចត្រូនិក ឬដែលគេស្គាល់ជាទូទៅថា Vape បានក្លាយជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេសពីសំណាក់រាជរដ្ឋាភិបាល និងសង្គមទាំងមូល។ ផលិតផលទាំងនេះត្រូវបានផលិតឡើងក្នុងទម្រង់ រូបរាង ពណ៌ និងរសជាតិជាច្រើនប្រភេទ ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ជាពិសេសកុមារ និងយុវជន។ ជាមួយគ្នានេះ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការបង្ហាញរូបភាពនៃភាពទាន់សម័យ និងការយល់ច្រឡំថា បារីអេឡិចត្រូនិកមានគ្រោះថ្នាក់តិច ឬមិនប៉ះពាល់ដល់សុខភាព បានធ្វើឱ្យមនុស្សមួយចំនួនមិនបានយល់ច្បាស់អំពីហានិភ័យដែលអាចកើតមាន។ អ្វីដែលជាការគួរឱ្យព្រួយបារម្ភនោះ គឺការប្រើប្រាស់បារីអេឡិចត្រូនិកអាចចាប់ផ្តើមពីការសាកល្បង ការចង់ដឹងចង់ឃើញ ការធ្វើតាមមិត្តភក្តិ ឬការយល់ថាជាផ្នែកមួយនៃរបៀបរស់នៅបែបទំនើប ប៉ុន្តែអាចនាំឱ្យមានការពឹងផ្អែកលើជាតិនីកូទីន និងបង្កបញ្ហាសុខភាពនាពេលអនាគត។
យើងត្រូវយល់ថា បារីអេឡិចត្រូនិកមិនមែនជាផលិតផលគ្មានគ្រោះថ្នាក់នោះទេ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា អ័ព្ទដែលបង្កើតឡើងពីបារីអេឡិចត្រូនិកអាចមានផ្ទុកជាតិនីកូទីន និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ជាតិនីកូទីនអាចបង្កការញៀន និងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ និងយុវជន ជាពិសេសផ្នែកនៃការចងចាំ ការផ្តោតអារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងអារម្មណ៍។ ដូច្នេះ យើងមិនគួរមើលឃើញបញ្ហានេះត្រឹមតែជាទម្លាប់ ឬជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ នោះទេ ប៉ុន្តែត្រូវចាត់ទុកថា ជាបញ្ហាដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស ស្ថិរភាពគ្រួសារ និងសុខុមាលភាពសង្គមទាំងមូល។
នាក្នុងឱកាសនេះ លោក ជា ចំណាន បានសង្គត់ធ្ងន់ថា ជាមួយនឹងការយកចិត្តទុកដាក់ចំពោះបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការយ៉ាងច្បាស់លាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃបារីអេឡិចត្រូនិក និងផលិតផលពាក់ព័ន្ធ។ ជាក់ស្តែងតាមរយៈបទបញ្ជាលេខ ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការហាមឃាត់ពាក់ព័ន្ធនឹងឧបករណ៍ និងសារធាតុគីមីសម្រាប់ជក់បារីអេឡិចត្រូនិក និងស៊ីសា។ វិធានការនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារសុខភាពសាធារណៈ ការថែរក្សាសណ្តាប់ធ្នាប់សង្គម និងជាពិសេសការការពារកុមារ និងយុវជនពីផលប៉ះពាល់នៃផលិតផលទាំងនេះ។
លោក ជា ចំណាន បានបញ្ជាក់ថា ការដាក់ចេញនូវវិធានការគ្រប់គ្រង និងហាមឃាត់ គឺជាជំហានដ៏សំខាន់មួយ ប៉ុន្តែការអនុវត្តឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី និងការយល់ដឹងរបស់ប្រជាពលរដ្ឋទាំងមូល។ យើងត្រូវធ្វើឱ្យវិធានការរបស់រាជរដ្ឋាភិបាល ក្លាយជាសកម្មភាព ជាក់ស្តែងនៅតាមស្ថាប័ន សាលារៀន សហគមន៍ និងគ្រួសារ ដោយមិនត្រូវទុកឱ្យការងារនេះស្ថិតនៅត្រឹមតែ ការផ្សព្វផ្សាយ ឬការណែនាំតាមឯកសារប៉ុណ្ណោះទេ៕














