FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី៖ កម្ពុជា-បារាំង មានទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែង ដែលមានមូលដ្ឋានគ្រឹះ ក្នុងប្រវត្តិសាស្ត្ររួមគ្នា

18-11-2026 13:35

(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ទទួលបន្ទុករៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានលើកឡើងថា កម្ពុជា-បារាំង មានទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែង ដែលមានមូលដ្ឋានគ្រឹះ ក្នុងប្រវត្តិសាស្ត្ររួមគ្នា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Lucky Supermarket និងក្រុមហ៊ុន Carrefour International នៅភូមិហ្វ្រង់កូហ្វូនី នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា និងបារាំង មានទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែង ដែលមានមូលដ្ឋានគ្រឹះ ក្នុងប្រវត្តិសាស្ត្ររួមគ្នា និងត្រូវបានពង្រឹងបន្ថែម តាមរយៈការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងការតភ្ជាប់រវាងប្រជាជន និងប្រជាជន»។

បន្ថែមពីនោះទៀត រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានឲ្យដឹងថា បច្ចុប្បន្នទំនាក់ទំនងកម្ពុជា-បារាំង បន្តរីកចម្រើន និងវិវត្តឥតឈប់ឈរ ដែលគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងនវានុវត្តន៍។

រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ ក្នុងវឌ្ឍនភាពនេះ។ តាមរយៈគំនិតផ្តួចផ្តើម ការវិនិយោគ និងភាពជាដៃគូ វិស័យឯកជន បានជួយនាំសេដ្ឋកិច្ចរបស់យើង ឱ្យកាន់តែជិតស្និទ្ធនឹងគ្នា សម្រួលដល់ការ ធ្វើពាណិជ្ជកម្ម និងបង្កើតឱកាសថ្មីៗ។

រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានបន្ថែមទៀតថា ស្ថិតក្នុងស្មារតីនេះ កម្ពុជារក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយដៃគូ ហ្វ្រង់កូហ្វូនី និងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់លទ្ធផលប្រកបដោយអត្ថន័យ និងចីរភាព។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ គឺជាការបង្ហាញភាពជាក់ស្តែង នៃចក្ខុវិស័យរួមរបស់យើង ដែលបានរំលឹកយើងថា សហគមន៍ហ្វ្រង់កូហ្វូនី គឺលើសពីសហគមន៍ ដែលប្រមូលផ្តុំដោយភាសា និងតម្លៃរួម ហើយគឺជាវេទិកា សម្រាប់ឱកាសថ្មីៗ ភាពជាដៃគូប្រកបដោយអត្ថន័យ និងការរីកចម្រើនរួមគ្នា។

លោកស្រីថា កិច្ចសហការរវាងក្រុមហ៊ុន Lucky Supermarket និងក្រុមហ៊ុន Carrefour International គឺការបង្ហាញអំពីភាពជាក់ស្តែង នៃទំនុកចិត្តគ្នាទៅវិញទៅមក និងចំណងទាក់ទងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ដែលអាចប្រែក្លាយទៅជាគំនិតផ្តួចផ្តើមជាក់ស្តែង ក្នុងការផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងប្រជាជន៕