លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា បានបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ និងទឹកចិត្តបដិសណ្ឋារកិច្ចរបស់ប្រជាជនខ្មែរ (Video inside)
18-11-2026 11:57
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្ដមភរិយារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ និងទឹកចិត្តបដិសណ្ឋារកិច្ចរបស់ប្រជាជនខ្មែរទៅកាន់បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត។
តាមរយៈបណ្តាញសង្គម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងបញ្ជាក់ដូចនេះថា «ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានចែករំលែកពេលវេលាដ៏មានអត្ថន័យជាមួយភ្ញៀវកិត្តិយស និងលោកជំទាវជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត តាមរយៈជំនួបការផ្លាស់ប្តូរវប្បធម៌ និងកម្មវិធីដ៏កក់ក្តៅជាច្រើន ពេលវេលាទាំងនេះមិនត្រឹមតែជាឱកាសបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ និងទឹកចិត្តបដិសណ្ឋារកិច្ចរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការយោគយល់គ្នា ការគោរពចំពោះគ្នា និងចំណងមិត្តភាពរវាងប្រទេសនិងប្រទេសផងដែរ»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានបង្ហាញមោទនភាពដែលបានឃើញស្ត្រី និងយុវតីខ្មែរចូលរួមបង្ហាញសមត្ថភាព ទេពកោសល្យ និងតម្លៃនៃវប្បធម៌ជាតិយើង ដោយលោកជំទាវបណ្ឌិត ជឿជាក់ថា សន្តិភាពមិនត្រឹមតែត្រូវបានកសាងតាមរយៈកិច្ចសន្ទនារវាងប្រទេស និងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានពូនជ្រំតាមរយៈការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងមិត្តភាពរវាងមនុស្សផងដែរ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានអរគុណភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងក្រុមការងារ និងអ្នកចូលរួមគ្រប់រូប ដែលបានធ្វើឱ្យកម្មវិធីទាំងនេះក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃ និងសង្ឃឹមថាចំណងមិត្តភាពដែលបានបង្កើតឡើងលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើន ដើម្បីរួមគ្នាកសាងសន្តិភាព វិបុលភាពរួមគ្នា និងស្ថិរភាពយូរអង្វែង៕






