សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចំពោះសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ
18-11-2026 09:25
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះលិខិតជូនពរចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
តាមរយៈសារលិខិតដែលធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយឥតឧបមា ព្រមទាំងបានគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តម ភាពឈ្លាសវៃ និងគុណបំណាច់ដ៏ធំធេងរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណពេញមួយជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់បន្ថែមអំពីការរួមចំណែកយ៉ាងសំខាន់របស់ សម្តេចវិបុលសេនាភក្តី ក្នុងការពង្រឹងស្ថាប័ននីតិប្បញ្ញត្តិ នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យមានភាពរឹងមាំ រីកចម្រើនជាលំដាប់ និងមានកិត្យានុភាពល្បីរន្ទឺទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។
ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

