លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ក្នុងសមុទ្រពិភពលោកមួយដែលពោរពេញដោយរលកធំៗ កម្ពុជាដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនរត់គេចពីរលកនោះទេ, កម្ពុជាកាន់ចង្កូតឱ្យនឹង

18-11-2026 09:21

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងមុតមាំថា នៅក្នុងបរិបទពិភពលោកដែលកំពុងពោរពេញដោយភាពប្រែប្រួល និងរលកធំៗ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិនរត់គេចពីបញ្ហាប្រឈមនោះឡើយ ប៉ុន្តែកម្ពុជាកំពុងកាន់ចង្កូតនាវារបស់ខ្លួនឱ្យនឹង ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺ «ច្បាប់ សន្តិភាព និងមិត្តភាព»។

ការថ្លែងបញ្ជាក់ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការទូតចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

លោក ហ្សង់ ហ្វ្រង់ស័រ តាន បានថ្លែងបូកសរុបទស្សនៈជុំវិញគោលជំហរការទូតរបស់កម្ពុជាយ៉ាងដូច្នេះថា៖ «ក្នុងសមុទ្រពិភពលោកមួយដែលពោរពេញដោយរលកធំៗ កម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនរត់គេចពីរលកនោះទេ។ កម្ពុជាកាន់ចង្កូតឱ្យនឹង ហើយចង្កូតនោះឈ្មោះថា ច្បាប់ សន្តិភាព និងមិត្តភាព»។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ ក៏បានសង្ខេបនូវសារអត្ថន័យសំខាន់ៗចំនួន ៣ ពីការអញ្ជើញចូលរួមរបស់សម្តេចធិបតី ក្នុងជំនួបកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅប្រទេសហ្វីលីពីន ដើម្បីបង្ហាញពីភាពនឹងនរ និងភាពចាស់ទុំនៃនយោបាយការបរទេសកម្ពុជា រួមមាន៖

ទី១. វត្តមាន និងសំឡេងច្បាស់លាស់លើឆាកអន្តរជាតិ៖ កម្ពុជាជាប្រទេសតូច តែមានវត្តមានជាប់ជានិច្ច និងមានសំឡេងច្បាស់ៗ នៅលើវេទិកាតំបន់ និងអន្តរជាតិ។

ទី២. គោលការណ៍ច្បាស់លាស់៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាស់លាស់ នោះគឺការគោរពច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងការស្វែងរកគ្រប់ដំណោះស្រាយដោយសន្តិវិធី។

ទី៣. ចំណងមិត្តភាព និងការគាំទ្រ៖ កម្ពុជាមានមិត្ត ហើយមិត្តទាំងនោះកំពុងស្តាប់ កំពុងបន្តគាំទ្រ និងកំពុងបន្តរាប់រកកម្ពុជាក្នុងភាពស្និទ្ធស្នាលជាទីបំផុត។

គួរជម្រាបជូនថា ក្នុងរយៈពេលជាង ១២ម៉ោង នៃការបំពេញបេសកកម្មនៅទីក្រុងម៉ានីល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធរហូតដល់ ៧ និងជំនួបពិភាក្សាការងារទ្វេភាគីចំនួន ២ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី និងនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលឆ្លុះបញ្ចាំងពីភាពសកម្ម និងការទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ៕