សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន

18-11-2026 01:02

(ភ្នំពេញ)៖ នៅវេលារំលងអាធ្រាត្រចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់ប្រទេស​កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលរៀបចំឡើងនៅ​ប្រទេស​​ហ្វីលីពីនជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦នេះ។

កិច្ចប្រជុំកំពូលអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីជាទីកន្លែងជួបជុំ​សម្រាប់មេដឹកនាំអាស៊ានទាំង១១ប្រទេសហើយនោះ ក៏ជាវេទិកាជួបជុំដ៏សំខាន់សម្រាប់ប្រទេសជាដៃគូ​សន្ទនា មានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប ឥណ្ឌា នូវែលសេឡង់ រុស្ស៊ី និងសហរដ្ឋអាមេរិកជាដើម។

នៅឆ្នាំនេះ ដោយកម្ពុជាទទួលភារៈជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត មិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​មួយ​​ចំនួននោះឡើយ។ ក្រោយចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ទើបសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើដំណើរទៅប្រទេសហ្វីលីពីន។

ពេញមួយថ្ងៃទី១៧ ខែវិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៩, កិច្ចប្រជុំថ្នាក់ដឹកនាំសហ​គមន៍​​​បំភាយ​​ឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៩, កិច្ចប្រជុំ​កំពូល​​មេគង្គ-ជប៉ុនលើកទី១៣, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី២៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។

ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក អង់តូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក ឡូរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤៩ នៅហ្វីលីពីន។ ក្នុងពិធីនោះ ក៏មានការប្រគល់ញញួរប្រធានអាស៊ានប្តូរវេន ជូនទៅលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីដឹកនាំអាស៊ានឆ្នាំ២០២៧ ដែលជាខួប៦០ឆ្នាំនៃការចាប់កំណើត​ឡើងនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕