ជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ! សម្តេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងកម្ពុជា និងឡាវ
17-11-2026 23:57
(ភ្នំពេញ)៖ នៅក្នុងឱកាសអនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) រដ្ឋមន្ត្រីការពារជាតិឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងឡាវ។
បើតាមលោក ជា ធី រិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់ឡាវ ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ គឺជាផ្នែកដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងឡាវ ហើយនិយាយដោយឡែកនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិ នៃប្រទេសទាំងពីរ។
ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាជួបជាមួយនឹងឯកឧត្តមនៅក្នុងឱកាសនេះ។
ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងកម្ពុជា និងឡាវនាពេលកន្លងមក ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរផងដែរ។ និងលោកក៏ជម្រាបជូនសម្ដេចតេជោ អំពីកិច្ចសហបត្តិការនៅតាមព្រំដែនរវាងកម្ពុជា និងឡាវដែលប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អដោយក្នុងរយៈពេលកន្លងមកនេះគឺព្រំដែនកម្ពុជា និងឡាវជាព្រំដែនដែលមានសន្តិភាព ស្ថិរភាព និងសន្តិសុខយ៉ាងពេញលេញ គ្មានបញ្ហាអ្វីកើតឡើងនោះទេ។
ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន ក៏បានរាយការណ៍ជូនសម្ដេចអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងការជួយដោះស្រាយ ឬក៏ទប់ស្កាត់ជួយសង្គ្រោះនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះលទ្ធផលក៏ដូចជារបាយការណ៍លោកបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងឡាវ ដោយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយសម្ដេចកត់សម្គាល់ទៅលើកិច្ចសហប្រតិបត្តិការនៃការបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្លាស់ប្ដូរនូវទស្សនកិច្ចនៃបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក៏រហូតដល់ថ្នាក់ក្រោមរវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិរបស់ឡាវនាពេលកន្លងមក។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញបន្ថែមទៀតឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសគឺការការពារនៅតាមព្រំដែនដែលធានាឱ្យបានបន្តទៀតនូវព្រំដែនដែលសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសម្រាប់ប្រទេសសងខាងដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។
ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕



















