លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ឆ្ពោះទៅកាន់ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់ខេត្តកំពង់ធំ

17-11-2026 22:33

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាន៧មករា, លោក វង្សី វិស្សុត សមាជិកគណៈ អចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពសម្រាប់ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី៦ ឆ្នាំ២០២៧ របស់ខេត្តកំពង់ធំ។

បន្ទាប់ពីអង្គប្រជុំបានស្ដាប់ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពតាមបណ្ដាក្រុង-ស្រុកទាំង៩ រួចមក, លោក វង្សី វិស្សុត បានគូសបញ្ជាក់ឡើងវិញអំពីគោលការណ៍ណែនាំគន្លឹះៗ និងដាក់ចេញនូវទិសដៅការងារមួយចំនួនបន្ថែម ដែលត្រូវអនុវត្ត សម្រាប់ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ពិសេស ផ្តោតជាសំខាន់ទៅលើការងារ រៀបចំបេក្ខភាព ការរៀបចំផែនការសកម្មភាពជាក់ស្ដែង និងការរៀបចំគោលនយោបាយ អភិវឌ្ឍន៍ឃុំ សង្កាត់នីមួយៗ នៅក្នុងខេត្តកំពង់ធំទាំងមូលដើម្បី ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាម មូលដ្ឋានដែលជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅ សំដៅពង្រឹង ការជឿជាក់ និងការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាឈានឆ្ពោះទៅសម្រេចឱ្យបាន នូវចក្ខុវិស័យ របស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការ «ប្រែ ក្លាយខេត្តកំពង់ធំឱ្យទៅ ជាមូលដ្ឋាន គាំទ្រដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា» និង «លែងឱ្យខេត្ត កំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោង អភិវឌ្ឍន៍ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍»។

លោក វង្សី វិស្សុត បានផ្ដល់ការណែនាំដល់ក្រុមការងារ និងគណបក្សក្រុង ស្រុក ថា ស្ថិតក្នុងបរិការណ៍ បច្ចុប្បន្ននេះ យើងត្រូវបង្កើន ការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ចំពោះការ រៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ ព្រោះកត្តាបេក្ខជនជះឥទ្ធិពលទៅដល់លទ្ធផលនៃការបោះឆ្នោត។ ដូចនេះ ការរៀបចំបញ្ជីឈ្មោះបេក្ខជន ត្រូវឈរលើ គោលការណ៍ណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈ កម្មា ធិការ កណ្ដាល គណបក្ស ពិសេស ត្រូវផ្អែកលើ គោលការណ៍សំខាន់ៗចំនួន ៣ គឺ៖ទី១. កត្តាប្រជាប្រិយភាព តាមការចង់បានរបស់អ្នកបោះឆ្នោត ទី២. កត្តាសមត្ថភាព ពិសេសសមត្ថភាពដឹកនាំនិងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន និងទី៣. កត្តាសាមគ្គីភាពឯកភាព ផ្ទៃក្នុង ព្រមទាំងត្រូវគិតគូរបញ្ចូលបេក្ខភាពជាយុវជន និងស្ត្រីផងដែរ ក្នុងគោលដៅជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនឱ្យបានល្អ ត្រឹមត្រូវ និងស័ក្ដិសម (Optimum) ដើម្បីជាប្រយោជន៍ដល់ការដណ្តើមជ័យជម្នះជូនគណបក្ស នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

មុននឹងបញ្ចប់, លោក វង្សី វិស្សុត បានណែនាំបន្ថែមអំពីការងារអាទិភាពសំខាន់ៗ រួមមាន៖ ការវាយតម្លៃ សភាពការណ៍ជាក់ស្តែងតាមឃុំ-សង្កាត់នីមួយៗ ការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពដែលឆ្លើយតបចំតម្រូវការ ជាក់ស្តែង និងបេះដូង របស់ប្រជាជន ព្រមទាំងសកម្មភាពការងារមួយចំនួនទៀត ដូចជាការរៀបចំយុទ្ធសាស្រ្តឃោសនាបោះឆ្នោត និងការរៀបចំក្រុមឃោសនិកជាដើម។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើដល់ក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបន្តផ្តុំកម្លាំងសាមគ្គីភាពជាធ្លុងមួយ ខិតខំ បំពេញ ភារកិច្ច ឱ្យបាន សកម្មជាប្រចាំ ដើរលើផ្លូវតែមួយ និងលើទិសដៅ តែមួយ ដោយឈរលើអភិក្រម «រួមគ្នាគិត រួមធ្វើ រួមទទួលខុសត្រូវ» ដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោត ខាងមុខ ជូនគណបក្ស។