ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ អាណត្តិទី៤ ដើម្បីស្វែងយល់ពីទុក្ខកង្វល់ និងសំណូមពររបស់ពលរដ្ឋប្រកបដោយតម្លាភាព
17-11-2026 21:52
(ព្រះសីហនុ)៖ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមជាមួយលោក ស កក្ដដា អភិបាលក្រុងព្រះសីហនុ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៦ នៅសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ។ វេទិកានេះមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក វង្ស ផាណាត បានបញ្ជាក់ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គណនេយ្យភាព តម្លាភាព និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមក្នុងដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សារដ្ឋបាលក្រុង-សង្កាត់។ នេះដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋត្រូវបានពិនិត្យ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ វេទិកានេះក៏ជាឱកាសសម្រាប់រដ្ឋបាលខេត្ត ក្រុង សង្កាត់ ផ្តល់ព័ត៌មានអំពីសមិទ្ធផល បញ្ហាប្រឈម និងអាទិភាពការងារសម្រាប់ឆ្នាំខាងមុខ។
លោក ម៉ាង ស៊ីណេត បានសង្កត់ធ្ងន់ថា រាល់សំណួរ សំណូមពរ និងមតិយោបល់ដែលបានលើកឡើងក្នុងអង្គវេទិកា នឹងត្រូវយកទៅពិនិត្យ និងដោះស្រាយដោយមន្ត្រីពាក់ព័ន្ធ ហើយត្រូវផ្តល់ព័ត៌មានត្រឡប់ជូនប្រជាពលរដ្ឋវិញ ទាំងលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់។
វេទិកានេះពិតជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព សមធម៌ និងការផ្តល់សេវារដ្ឋបាល ក៏ដូចជាសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕



























