ផ្លូវថ្នល់ប្រវែងជាង ៨០០គីឡូម៉ែត្រ ក្នុងខេត្តព្រះវិហារ ដែលរងការខូចខាតក្នុងរដូវវស្សា ត្រូវជួសជុលរួចរាល់ ១០០% និងបើកឱ្យពលរដ្ឋប្រើប្រាស់ឡើងវិញ
17-11-2026 21:24
(ព្រះវិហារ)៖ ផ្លូវថ្នល់ទូទាំងខេត្តព្រះវិហារ ដែលមានប្រវែងសរុបជាង ៨០០គីឡូម៉ែត្រ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងបានរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សាកន្លងមក ត្រូវបានជួសជុលកែលម្អរួចរាល់ ១០០% ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា៖ «បន្ទាប់ពីក្រុមការងារបានខិតខំអនុវត្តការងារជួសជុល និងស្តារឡើងវិញនូវកំណាត់ផ្លូវដែលរងការខូចខាតក្នុងរដូវវស្សាកន្លងមក ផ្លូវទាំងអស់បានបញ្ចប់ការជួសជុលជាស្ថាពរ»។
លោកបានបញ្ជាក់ថា ក្រោយពីទទួលបានការវាយតម្លៃ និងឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការអន្តរក្រសួង ផ្លូវទាំងនេះត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ និងប្រើប្រាស់ជាផ្លូវការឡើងវិញ ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះតទៅ។
លោក សំ លាងទ្រី បានលើកឡើងថា ក្រោមការណែនាំ និងការយកចិត្តទុកដាក់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងតែយកចិត្តទុកដាក់លើការងារជួសជុល ថែទាំ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ ឱ្យបានទាន់ពេលវេលា និងមានគុណភាព ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទំនិញ ព្រមទាំងសម្ភារៈផ្សេងៗ ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមិនមានការរាំងស្ទះ។
លោកបានបន្ថែមទៀតថា ការថែទាំផ្លូវថ្នល់ជាប្រចាំ គឺជាការងារសំខាន់មួយដែលមន្ទីរមិនអាចមើលរំលងបានឡើយ ព្រោះផ្លូវថ្នល់មានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ការបញ្ចប់ការងារជួសជុលផ្លូវថ្នល់ប្រវែងជាង ៨០០គីឡូម៉ែត្រនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធក្រោយរដូវវស្សា និងធានាឱ្យប្រព័ន្ធចរាចរណ៍ក្នុងខេត្តព្រះវិហារ បន្តដំណើរការបានល្អប្រសើរ បម្រើដល់ផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ៕









