ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកទុក្ខ ជូន ឯកឧត្តម សុខ ចិន្តាសោភា ចំពោះមរណភាពឧបាសិកា គង់ ណម ទន់ចាយ ដែលជាម្តាយក្មេក
17-11-2026 20:58
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសាររំលែកទុក្ខ ជូន សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ចំពោះមរណភាពឧបាសិកា គង់ ណម ទន់ចាយ ត្រូវជាម្តាយក្មេក។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំអំពីឧបាសិកា គង់ ណម ទន់ចាយ ដែលត្រូវជាម្តាយក្មេក និងម្តាយបង្កើតរបស់ ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៤:២០នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
ខ្ញុំ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្ដែងនូវសេចក្ដីសោកស្ដាយជាពន់ពេកជាមួយឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព។
ការទទួលមរណភាពរបស់ឧបាសិកា គង់ ណម ទន់ចាយ គឺជាការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន និងជីដូនទួត ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ និងជាទីគោរពស្រឡាញ់បំផុត នៃកូន ចៅ ព្រមទាំងជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួនមួយរូប ដែលបានលះបង់ពេលវេលា និងធនធានចូលរួមចំណែកក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
សូមវិញ្ញាណក្ខន្ធឧបាសិកា គង់ ណម ទន់ចាយ អញ្ជើញទៅកាន់សុគតិភពកុំបីខាន។ សូមឯកឧត្តម និងលោកជំទាវ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ»៕

