សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចំពោះសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ
17-11-2026 20:54
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសារលិខិតជូនពរចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ នាឱកាសពិធីចម្រើនជន្មាយុរបស់សម្តេច ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្អែកនេះ។
តាមរយៈសារលិខិតដែលធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ព្រមទាំងបានគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ទឹកចិត្តសប្បុរសធម៌ និងគុណបំណាច់ដ៏ធំធេងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងបញ្ញាញាណ ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលយ៉ាងត្រចះត្រចង់ក្នុងបេសកកម្មមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាឡើយ រហូតទទួលបានការប្រសិទ្ធនាមជា «មាតាមនុស្សធម៌»។
សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់បន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់ការគាំទ្រ និងឧបត្ថម្ភយ៉ាងពេញទំហឹងដល់ចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ការលើកកម្ពស់សុខុមាលភាពមាតា និងទារក វិស័យអប់រំ ព្រះពុទ្ធសាសនា វប្បធម៌ ការពង្រឹងសុខដុមរមនាក្នុងសង្គម និងការលើកស្ទួយសិទ្ធិ និងតួនាទីស្ត្រីនៅកម្ពុជា ឱ្យទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។
ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

