កម្ពុជា-អង្គការ Oxfam និងនេប៉ាល់ ពិភាក្សាអំពីការទទួលបានហិរញ្ញប្បទានអាកាសធាតុ
17-11-2026 20:18
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាជាមួយលោក Amitabh Behar នាយកអង្គការ Oxfam International ដោយមានការចូលរួមពីប្រតិភូប្រទេសនេប៉ាល់ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីបញ្ហាប្រឈម និងតម្រូវការហិរញ្ញប្បទានសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
កិច្ចពិភាក្សាបានទទួលស្គាល់ថា ការទទួលបានហិរញ្ញប្បទានអាកាសធាតុនៅតែមានការលំបាកខ្លាំង ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះ។ ប្រទេសអភិវឌ្ឍន៍ត្រូវបង្កើនការប្តេជ្ញាចិត្ត និងប្រែក្លាយការសន្យាទៅជាការផ្តល់ហិរញ្ញប្បទានជាក់ស្តែង ដែលអាចព្យាករបាន ងាយស្រួលទទួលបាន និងឆ្លើយតបនឹងអាទិភាពជាតិ។
សម្រាប់កម្ពុជា ការគាំទ្រនេះមានសារៈសំខាន់ក្នុងការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0) ជាពិសេសការបន្ស៊ាំ ការកសាងភាពធន់ និងការការពារជីវភាពសហគមន៍ងាយរងគ្រោះ។ ការសម្រួលនីតិវិធី និងការពន្លឿនការផ្តល់ធនធាន គឺចាំបាច់ដើម្បីឱ្យហិរញ្ញប្បទានអាកាសធាតុទៅដល់អ្នកដែលត្រូវការបានទាន់ពេលវេលា៕







