FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាលកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិក បន្តពង្រឹងភាពជាដៃគូក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីឈានទៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០

17-11-2026 20:13

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នាបន្តពង្រឹងភាពជាដៃគូក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីឈានទៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០។

ការប្តេជ្ញារួមគ្នាដើម្បីលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ពិសេសប្រយុទ្ធនឹងជំងឺរបេងនេះ បានធ្វើឡើងក្នុងឳកាសពិធីប្រគល់-ទទួលអំណោយឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេង ដែលជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជូនក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Christopher J. Anderson ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

អំណោយនេះ រួមមាន ម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថល (Digital X-ray) ចំនួន ៩គ្រឿង ម៉ាស៊ីន GeneXpert ចំនួន ៨គ្រឿង មីក្រូទស្សន៍ចំនួន ៥០គ្រឿង ការធានា និងសេវាគាំទ្រសម្រាប់ម៉ាស៊ីន GeneXpert ចំនួន ៧០គ្រឿង ព្រមទាំងកម្មវិធីបច្ចេកវិទ្យាជំនួយអាន និងបកស្រាយរូបភាពកាំរស្មីអ៊ិចដោយប្រព័ន្ធកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត (AI)។

ជំនួយនេះនឹងរួមចំណែកពង្រឹងបណ្តាញធ្វើរោគវិនិច្ឆ័យជំងឺរបេង បង្កើនសមត្ថភាពស្វែងរកអ្នកជំងឺឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ ជាពិសេសជំងឺរបេងធន់នឹងឱសថ ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលទាន់ពេលវេលា។ ការប្រើប្រាស់បច្ចេកវិទ្យា Digital X-ray និង AI ក៏នឹងជួយពង្រីកការពិនិត្យស្វែងរកជំងឺរបេងនៅតាមសហគមន៍ផងដែរ។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានបន្តគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយបន្ទុកជំងឺរបេងក៏ដោយ ក៏នៅមានបញ្ហាប្រឈមដែលត្រូវបន្តយកចិត្តទុកដាក់ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា «ការបញ្ចប់ជំងឺរបេងមិនអាចពឹងផ្អែកតែលើបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ។ វាទាមទារឱ្យមានភាពជាអ្នកដឹកនាំរឹងមាំ ការវិនិយោគជាបន្តបន្ទាប់ ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធានាថា អ្នកជំងឺរបេងគ្រប់រូបត្រូវបានរកឃើញ ធ្វើរោគវិនិច្ឆ័យ ព្យាបាល និងទទួលបានការគាំទ្រយ៉ាងសមស្រប ទាន់ពេលវេលា ប្រកបដោយសមធម៌»។

សូមជម្រាបថាពិធីប្រគល់-ទទួលនេះ គឺជាការបង្ហាញពីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល សង្គ្រោះជីវិតប្រជាជន និងឈានទៅលុបបំបាត់ជំងឺរបេងនៅកម្ពុជា៕