សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
17-11-2026 19:46
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំថៃថា បើចង់ឱ្យកម្ពុជា បញ្ឈប់ការលើករឿងថៃ ឈ្លានពានបូរណភាពទឹកដីកម្ពុជា លើវេទិកាអន្តរជាតិនោះ ត្រូវគោរពកិច្ចព្រមព្រៀងទាំងឡាយ ជាពិសេសគឺត្រូវចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន តាមការព្រមព្រៀងនាពេលកន្លងមក។
សាររបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជូនតាមរយៈលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ។
លោក ជា ធីរិទ្ធ បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់បែបនេះ «ប្រសិនបើថៃចង់ឱ្យកម្ពុជាឈប់លើកយកនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅក្នុងវេទិកាអន្តរជាតិ ថៃត្រូវតែអនុវត្តនូវកិច្ចព្រមព្រៀងឱ្យបានពេញលេញ ជាពិសេសគឺការចាប់ផ្ដើមនូវដំណើរការនៃការវាស់វែងលើដីជាក់ស្ដែង ដែលមានចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ពីព្រោះរយៈពេលប្រមាណ ១១ខែមកហើយ ចាប់តាំងពីមានកិច្ចព្រមព្រៀង ថៃមិនបានអនុវត្តនូវដំណើរការនៃការវាស់វែងនោះទេ»។
បើតាមលោក ជា ធីរិទ្ធ សារសំខាន់របស់សម្ដេចតេជោ គឺចង់ឱ្យភាគីថៃ ត្រូវចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀង និងការវាស់វែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ជា ធីរិទ្ធ បានបញ្ជាក់នូវជំហរបស់សម្តេចតេជោទៀតថា បើក្នុងករណីភាគីថៃនៅតែបន្តមិនគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានស្រាប់ និងមិនអនុវត្តនូវការវាស់វែងជាក់ស្ដែងនៅលើដីជាក់ស្ដែងនោះទេ កម្ពុជានឹងមិនបោះបង់ចោលនូវការទាមទារ ការនិយាយ ការលើកឡើងនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលថៃបំពានមកលើកម្ពុជានៅលើវេទិកាអន្តរជាតិនោះទេ។ មិនតែប៉ុណ្ណោះ កម្ពុជានឹងនិយាយកាន់តែខ្លាំងជាងមុនថែមទៀត។
ទន្ទឹមនឹងនេះ សម្ដេចប្រធានព្រឹទ្ធសភាក៏បានគូសបញ្ជាក់បន្ថែមទៀតថា សម្ដេចគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ ដោយសន្តិវិធី និងពឹងផ្អែកទៅលើច្បាប់អន្តរជាតិ៕
