សាលាអន្តរជាតិ ប្រូមស៍ហ្គ្រូវ កម្ពុជា ចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាយុទ្ធសាស្ត្រជាមួយ Swiss Education Group (SEG) ដើម្បីពង្រីកឱកាសសិក្សាបន្តកម្រិតឧត្តមសិក្សានៅលើឆាកអន្តរជាតិ
17-11-2026 16:36
(ភ្នំពេញ)៖ សាលាអន្តរជាតិ Bromsgrove កម្ពុជា (Bromsgrove International School Cambodia – BISC) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ Swiss Education Group (SEG) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំអន្តរជាតិ និងពង្រីកឱកាសសិក្សាបន្តកម្រិតឧត្តមសិក្សានៅបរទេសសម្រាប់សិស្សានុសិស្សរបស់សាលា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងសាលាអន្តរជាតិ Bromsgrove កម្ពុជា ក្នុងរាជធានីភ្នំពេញ។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ា កែវ សម្បត្តិ ស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ ប្រូមស៍ហ្គ្រូវ កម្ពុជា និងលោក Phone Myat San ប្រធានគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់នៃ Swiss Education Group។
កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ បង្កើតនូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហការផ្នែកអប់រំឱ្យកាន់តែជិតស្និទ្ធ និងបង្កើតផ្លូវឆ្ពោះទៅរកការសិក្សាបន្តនៅកម្រិតអន្តរជាតិ ដោយផ្តល់ឱ្យសិស្សានុសិស្សរបស់ BISC នូវឱកាសកាន់តែទូលំទូលាយក្នុងការស្វែងយល់អំពីកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ លើជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ច ធុរកិច្ច និងសិល្បៈធ្វើម្ហូប តាមរយៈគ្រឹះស្ថានអប់រំដ៏ល្បីល្បាញទាំងបួនរបស់ Swiss Education Group នៅប្រទេសស្វីស រួមមាន៖ César Ritz Colleges Switzerland, Culinary Arts Academy Switzerland, HIM Business School និង Swiss Hotel Management School។
តាមរយៈភាពជាដៃគូនេះ សិស្សានុសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការណែនាំផ្នែកសិក្សាកាន់តែប្រសើរ ការយល់ដឹងកាន់តែទូលំទូលាយអំពីឱកាសសិក្សាអន្តរជាតិ ព្រមទាំងការបង្ហាញនូវផ្លូវជាក់លាក់សម្រាប់ការបន្តការសិក្សាទៅកាន់កម្មវិធីឧត្តមសិក្សាឯកទេសផ្សេងៗ។
កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មី ដែលមានទស្សនវិស័យជាសកល ពោរពេញទៅដោយចំណេះដឹង ជំនាញ និងទំនុកចិត្ត ដើម្បីទទួលបានជោគជ័យក្នុងពិភពលោកដែលមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើង។
ក្នុងសុន្ទរកថាស្វាគមន៍ ឧកញ៉ា កែវ សម្បត្តិ ស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ ប្រូមស៍ហ្គ្រូវ កម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និងឧត្តមភាព ព្រមទាំងការរៀបចំសិស្សានុសិស្សឱ្យមានសមត្ថភាព និងភាពត្រៀមខ្លួនរួចជាស្រេចសម្រាប់បរិយាកាសប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។ លោកឧកញ៉ាបានលើកឡើងថា ភាពជាដៃគូនេះគឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងចក្ខុវិស័យរយៈពេលវែងរបស់ BISC ក្នុងការផ្តល់មូលដ្ឋានគ្រឹះសិក្សាដ៏រឹងមាំ ទស្សនវិស័យអន្តរជាតិ និងផ្លូវបន្តការសិក្សាប្រកបដោយអត្ថន័យឆ្ពោះទៅកាន់សាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅទូទាំងពិភពលោក។
លោក Phone Myat San ប្រធានគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់នៃ Swiss Education Group បានលើកឡើងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ SEG ក្នុងការផ្តល់ការអប់រំដែលទទួលស្គាល់ជាអន្តរជាតិ និងមានគុណភាពលំដាប់ពិភពលោក ដោយផ្អែកលើប្រពៃណីអប់រំផ្នែកបដិសណ្ឋារកិច្ចដ៏យូរអង្វែងរបស់ប្រទេសស្វីស។ ការអប់រំនេះមានគោលបំណងបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានសមត្ថភាពគិតពិចារណាបែបវិភាគ និងជំនាញអាជីវកម្មជាក់ស្តែង ដែលមានសារៈសំខាន់បំផុតសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច និងវិស័យផ្សេងៗទៀត។
លោកក៏បានកត់សម្គាល់ផងដែរថា ភាពជាដៃគូនេះនឹងបើកឱកាសថ្មីៗសម្រាប់សិស្សានុសិស្សកម្ពុជាក្នុងការបន្តការសិក្សានៅសាលាដែលមានចំណាត់ថ្នាក់អន្តរជាតិរបស់ SEG នៅប្រទេសស្វីស។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ គឺជាការបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ឧត្តមភាពនៃការអប់រំ ពង្រឹងទំនាក់ទំនងអន្តរជាតិ និងពង្រីកឱកាសសម្រាប់ធនធានមនុស្សជំនាន់ក្រោយ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ BISC បន្តពង្រឹងបណ្តាញភាពជាដៃគូអប់រំអន្តរជាតិ និងការប្តេជ្ញាចិត្តក្នុងការរៀបចំសិស្សានុសិស្សឱ្យមានសមត្ថភាព ដើម្បីសម្រេចបានជោគជ័យក្នុងការសិក្សាបន្ត និងអនាគតវិជ្ជាជីវៈរបស់ពួកគេ។
អំពី Swiss Education Group
Swiss Education Group (SEG) គឺជាគ្រឹះស្ថានអប់រំឯកជនដ៏ធំបំផុតនៅប្រទេសស្វីស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Montreux។ SEG ដំណើរការគ្រឹះស្ថានអប់រំឈានមុខគេលើពិភពលោកចំនួនបួនក្នុងវិស័យបដិសណ្ឋារកិច្ច រួមមាន Swiss Hotel Management School, César Ritz Colleges Switzerland, Culinary Arts Academy Switzerland និង HIM Business School ដែលមាននិស្សិតកំពុងសិក្សាជាង ៦,០០០ នាក់ និងសហគមន៍អតីតនិស្សិតមកពីជាង ១១០ ប្រទេស។
គ្រឹះស្ថានអប់រំទាំងបួននេះ សុទ្ធតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមគ្រឹះស្ថានអប់រំកំពូលទាំង ១០ លើពិភពលោក តាមរយៈចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក QS ឆ្នាំ២០២៦ តាមមុខវិជ្ជាគ្រប់គ្រងបដិសណ្ឋារកិច្ច និងការកម្សាន្ត (QS World University Rankings by Subject for Hospitality and Leisure Management)។
ដោយផ្អែកលើប្រពៃណីដ៏រឹងមាំរបស់ប្រទេសស្វីសក្នុងការអប់រំផ្នែកបដិសណ្ឋារកិច្ច SEG ប្តេជ្ញាផ្តល់ការបណ្តុះបណ្តាលដល់និស្សិតនូវសមត្ថភាពគិតពិចារណាបែបវិភាគ ជំនាញអនុវត្តជាក់ស្តែងក្នុងវិស័យធុរកិច្ច ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ដែលចាំបាច់ដើម្បីឈានមុខគេក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងវិស័យផ្សេងៗទៀត ដោយមានការគាំទ្រពីបណ្តាញដៃគូឧស្សាហកម្មជាង ១០០ ស្ថាប័ន៕






