FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការប្រចាំការ ឈឹម សៅគី ចុះវាយតម្លៃបញ្ចប់សុពលភាពការងារជួសជុលផ្លូវក្រាលក្រួស ១ខ្សែ និងសំណង់សិល្បការ្យ នៅស្រុកជាំក្សាន្ត

17-11-2026 16:35

(ព្រះវិហារ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែងជិត ២០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ដែលតត្ជាបពីឃុំកន្ទួត ទៅឃុំស្រអែម នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ថ្លែងនាឱកាសនោះលោក ឈឹម សៅគី បានបញ្ជាក់ថា ផ្លូវនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋស្រុកជាំក្សាន្ត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា ព្រោះផ្លូវមានសារៈសំខាន់ណាស់ ជួយជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាព ប្រទាក់ក្រឡា ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ក្នុងគោលដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរ ស្របតាមការរីកចម្រើននៃប្រទេសជាតិ។

លោករដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរដល់កងវិស្វកម្មអង្គរក្សសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលខិតខំប្រឹងប្រែងលើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស និងថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ជាពិសេសបណ្តាញ ផ្លូវនៅតាមជនបទនេះផ្ទាល់។

លោកបន្ថែមថា ជាក់ស្តែងជុំវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនេះ គឺជាការវិនិយោគដ៏ចាំបាច់ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ទាប់ ជំរុញការអភិវឌ្ឍលើការងារស្ថាបនាផ្លូវ ការស្តារ និងការជួសជុលផុលផ្លូវជាដើម ដើម្បីជំរុញដំណើរការអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតរវាងជនបទ និងទីប្រជុំជនជាដើម។

លោក ឈឹម សៅគី រំលេចបន្ថែមថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គមនានា ជាពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន នៅជនបទ និងការបន្តលើកកម្រិតផ្លូវជនបទពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម។

ចំពោះខ្សែផ្លូវខាងលើនេះដែរ, លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ លូ និងស្លាកសញ្ញាផ្សេងៗនៅក្នុង មូលដ្ឋានឲ្យបានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវ និងលូទាំងនោះជារបស់ពួកគាត់៕