FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកសារព័ត៌មានអន្តរជាតិ ទស្សនាព្រះបរមរាជវាំង និងសារមន្ទីរជាតិ បន្ទាប់ពីបញ្ចប់បេសកកម្មកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

17-11-2026 16:33

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកសារព័ត៌មានអន្តរជាតិជាច្រើនរូបមកពីបណ្តាប្រទេសមួយចំនួន បានអញ្ជើញទស្សនកិច្ចព្រះបរមរាជវាំង និងសារមន្ទីរជាតិ ដើម្បីស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីពួកគេបានបញ្ចប់បេសកកម្មយកព័ត៌មានក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ។

ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ ត្រូវបានសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដោយក្រសួងព័ត៌មាន ដោយមានការចូលរួមជួយបកប្រែជាភាសាបារាំងពីក្រុមនិស្សិតស្ម័គ្រចិត្តផ្នែកភាសាបារាំង ដែលបានបង្ហាញពីការរួបរួម និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ ការទស្សនាទីតាំងប្រវត្តិសាស្ត្រសំខាន់ៗទាំងនេះ បានផ្តល់ឱកាសដល់អ្នកសារព័ត៌មានអន្តរជាតិបានយល់កាន់តែច្បាស់អំពីអរិយធម៌ខ្មែរ និងភាពស្រស់ស្អាតនៃស្ថាបត្យកម្មបុរាណ។

តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក បន្ទាប់ពីព្រឹត្តិការណ៍អន្តរជាតិដ៏ធំ។ នេះក៏ជាផ្នែកមួយនៃការលើកកម្ពស់រូបភាពជាវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលធ្វើឡើងរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» បានបិទបញ្ចប់ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃបណ្តារដ្ឋ និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីចំនួន៨១ ក្នុងនោះមានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលចំនួន២៣ ចូលរួម គឺស្មើនឹង៩០% នៃសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសរុប ៩០។

ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះឈ្មោះសរុបប្រមាណ ១.៥០០នាក់ មកពី ៣០៨ ស្ថាប័ន/អង្គភាព និង ៤២ ប្រទេស ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះកម្ពុជា និងកិច្ចប្រជុំកំពូលនេះ។

ព្រឹត្តិការណ៍អមផ្សេងៗដូចជាភូមិហ្វ្រង់កូហ្វូនី និង FrancoTech ជំនួបសហគ្រិនហ្វ្រង់កូហ្វូន និងព្រឹត្តិការណ៍ផ្សេងទៀតទទួលបានការចាប់អារម្មណ៍ខ្ពស់និងមានអ្នកចូលទស្សនាច្រើន។

កិច្ចប្រជុំបានផ្តោតលើការពង្រឹងសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមានឯកសារលទ្ធផលសំខាន់ៗចំនួន៣ គឺសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដំណោះស្រាយស្តីពីស្ថានភាពវិបត្តិ និងសេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីបានសម្រេចបន្តអាណត្តិ លោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបច្ចុប្បន្ន រយៈពេល១២ខែ ដោយរាប់ចាប់ពីថ្ងៃនេះទៅ និងបញ្ចប់ក្នុងរយៈពេល ១២ខែខាងមុខ និងឈានទៅជ្រើសរើសបេក្ខភាពអគ្គលេខាធិការ OIF ថ្មី។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក៏បានសម្រេចបើការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជាផងដែរ។ជាមួយគ្នានេះ កិច្ចប្រជុំកំពូលក៏បានសម្រេចថាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នឹងត្រូវរៀបចំនៅប្រទេសកាណាដានៅឆ្នាំ២០២៨៕