FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាយប៉ាមានតួនាទីសំខាន់នៅក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន ការពារសុខសន្តិភាព វិបុលភាពជូនពលរដ្ឋក្នុងតំបន់និងអន្តរជាតិ (Video inside)

17-11-2026 16:21

(ម៉ានីល)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អន្តរសភាអាស៊ាន (អាយប៉ា/AIPA) ក្នុងការការពារមជ្ឈភាពអាស៊ាន ព្រមទាំងលើកកម្ពស់សុខសន្តិភាព និងវិបុលភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងអន្តរជាតិ ជាពិសេសការរួមចំណែកសម្រេចឱ្យបាននូវសហគមន៍អាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និបាតអាយប៉ាលើកទី៤៧ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នាថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ដោយសារសភាគឺជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋ ដូច្នេះសភាត្រូវតែការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ក្នុងកាលៈទេសៈដែលសកលលោកកំពុងមានហានិភ័យខ្ពស់ និងសណ្តាប់ធ្នាប់សកលកំពុងធ្លាក់ចុះ ការទូតសភាពិតជាមានតួនាទីមិនអាចខ្វះបាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ ទទួលបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «អាយប៉ាមានតួនាទីសំខាន់នៅក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន ការពារសុខសន្តិភាព វិបុលភាពជូនពលរដ្ឋក្នុងតំបន់និងអន្តរជាតិ»។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដ៏មានសារៈសំខាន់នេះ ត្រូវបានដឹកនាំដោយ លោក ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដោយមានការចូលរួមពីប្រធានគណៈប្រតិភូនៃសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងឡាវ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមហាសន្និបាត ផែនការសកម្មភាពរបស់អាយប៉ាក្នុងឆ្នាំចាស់ និងទិសដៅការងារបន្តនាពេលអនាគត។

ជាចំណុចសំខាន់មួយទៀត កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិបានរក្សាទុកនូវរបាយការណ៍នៃកិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ាលើកទី១៥ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលបានលើកឡើងពីបញ្ហាពលរដ្ឋភៀសសឹកខ្មែរចំនួនជាង ២ម៉ឺននាក់ ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដើម្បីឱ្យមានការពិភាក្សានៅក្នុងគណៈកម្មាធិការនយោបាយអាយប៉ា ដែលនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា ស្អែកនេះ។

ក្រៅពីការពិភាក្សា និងអនុម័តលើកម្មវិធី និងរបៀបវារៈមហាសន្និបាតអាយប៉ាលើកទី៤៧ គណៈកម្មាធិការប្រតិបត្តិ ក៏បានអនុម័តជូនសភាសិង្ហបុរី ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៨ នៅឆ្នាំ២០២៧ នៅប្រទេសសិង្ហបុរី។ រីឯប្រទេសឡាវ នឹងទទួលរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) លើកទី១៨ នៅក្នុងឆ្នាំ២០២៧ នេះផងដែរ៕