FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមហាសន្និបាតអាយប៉ាលើកទី៤៧ និងបណ្តាប្រទេសសមាជិកអាស៊ាន ចូលរួមអបអរសាទរខួបកំណើតជូន សម្តេចប្រធានរដ្ឋសភាកម្ពុជា នៅទីក្រុងម៉ានីល

17-11-2026 15:53

(ម៉ានីល)៖ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៃសាធារណរដ្ឋហ្វីលីពីន រួមជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត បានចូលរួមអបអរសាទរខួបកំណើតជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្រោមបរិយាកាសដ៏កក់ក្តៅ ស្និទ្ធស្នាល និងរីករាយក្រៃលែង។

ពិធីអបអរសាទរដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនានានៃមហាសន្និបាតអាយប៉ាលើកទី៤៧ នៅមុនថ្ងៃពិធីចម្រើនជន្មាយុរបស់សម្តេច ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្អែកនេះ។

ការរៀបចំពិធីអបអរសាទរយ៉ាងស្និទ្ធស្នាលពីសំណាក់ប្រធានមហាសន្និបាតអាយប៉ាម្ចាស់ផ្ទះ និងសមភាគីសភានៃបណ្តាប្រទេសសមាជិកអាស៊ាន មិនត្រឹមតែបង្ហាញពីមនោសញ្ចេតនាគោរពស្រឡាញ់ និងការផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភាកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីចំណងសាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ នៅក្នុងមហាគ្រួសារអន្តរសភាអាស៊ានផងដែរ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រសូតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥២ ដែលក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមានជន្មាយុគម្រប់ ៧៤ឆ្នាំឈានចូល៧៥ឆ្នាំ។ សម្តេចគឺជាស្ត្រីខ្មែរដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលបានកាន់តំណែងជាប្រធានរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រមទាំងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា (CPP)។ ដោយមើលឃើញពីគុណបំណាច់ដ៏ធំធេងចំពោះជាតិ និងប្រជាជន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមជូនសម្តេចជា «សម្តេចមហារដ្ឋសភាធិការធិបតី»៕