FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (Video inside)

17-11-2026 15:46

(ម៉ានីល)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការរបស់លោក នៅរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយភ្ជាប់ជាមួយនឹងរូបថតចាប់ដៃយ៉ាងស្និទ្ធស្នាលជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

នៅក្នុងសារនោះ ប្រមុខរដ្ឋាភិបាលអូស្ត្រាលី បានគូសបញ្ជាក់ពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា ព្រមទាំងបានសម្តែងនូវក្តីរីករាយដែលបានជួបសន្ទនាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីសាជាថ្មីម្តងទៀត ដើម្បីបន្តកិច្ចសហប្រតិបត្តិការរួមគ្នា។

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ទំហំពាណិជ្ជកម្មរបស់អូស្ត្រាលីជាមួយកម្ពុជាបានកើនឡើង ៣ ដង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ នេះមានន័យថា ការងារកាន់តែច្រើន និងឱកាសកាន់តែច្រើនសម្រាប់កម្មករ និងធុរកិច្ចអូស្ត្រាលី។ យើងបានពង្រឹងទំនាក់ទំនងរបស់យើងនៅក្នុងតំបន់ ហើយយើងកំពុងមើលឃើញលទ្ធផល។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខ្ញុំពិតជារីករាយណាស់ដែលបានជួបអ្នកម្ដងទៀត និងបន្តកិច្ចការរបស់យើង»។

ការបង្ហោះសារប្រកបដោយភាពវិជ្ជមាន និងកក់ក្តៅរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីនាពេលនេះ ធ្វើឡើងខណៈដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ព្រមទាំងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ថា ពាណិជ្ជកម្ម និងការវិនិយោគវិញ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់​ប្រមាណ ៦០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ កម្ពុជានាំចេញផលិតផលសំខាន់ៗដូចជា សម្លៀក​បំពាក់ ស្បែកជើង និងអង្ករក្រអូបទៅកាន់អូស្ត្រាលី ខណៈក្រុមហ៊ុនអូស្ត្រាលីវិនិយោគលើវិស័យធនាគារ ហិរញ្ញវត្ថុ អប់រំ កសិ-ធុរកិច្ច និងរ៉ែ៕