FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលសហការចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីបានជោគជ័យទាំងស្រុង

17-11-2026 15:30

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ តំណាងក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចំណុះអនុគណៈកម្មការទី៤ «សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្រ្គោះ» ដែលបានសហការបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៃដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រមទាំងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង។

ការយកចិត្តទុកដាក់ចង្អុលដឹកនាំ និងការចូលរួមអនុវត្តដោយផ្ទាល់របស់មេបញ្ជាការ មេបញ្ជាការរង សមាជិក សមាជិកាទាំងអស់នៃអនុគណៈកម្មការទី៤ ព្រមទាំងមេបញ្ជាការ និងកងម្លាំងតាមគោលដៅនីមួយៗ បានឆ្លុះបញ្ចាំងអំពីមនសិការស្នេហាជាតិ ឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ ប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់តាមកម្មវិធីដែលបានគ្រោងទុក ដើម្បីលើកស្ទួយកិត្តិយស កិត្យានុភាព និងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិ៕