FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ដ្រី ស សុខា បង្ហើបពីការរកឃើញ មន្ដ្រីនគរបាល២,៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ

17-11-2026 15:04

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបើកជំរឿននគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបទៅកាន់អង្គពិធី នូវទិន្នន័យបឋមដែលបង្ហាញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិទូទាំងប្រទេស មានមន្ត្រីចំនួន ២,៣៣២នាក់ ត្រូវបានរកឃើញថាខុសឆ្គងពីទិន្នន័យដើម។

ការខុសឆ្គងនោះ ត្រូវបានលោកអភិសន្តិបបណ្ឌិត លើកឡើងចំៗ រួមមាន ខុសថ្ងៃខែឆ្នាំកំណើត ចំនួន២,២៨០នាក់, ខុសអក្ខរាវិរុទ្ធឈ្មោះ ចំនួន៤៨នាក់ និងខុសភេទចំនួន៤នាក់ ដោយមិនមែនជាករណីឈ្មោះស្ទួន ឬឈ្មោះខ្មោចនោះទេ។ ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកទិន្នន័យខុសនេះ ថាជាការបញ្ជាក់ឲ្យឃើញអំពីភាពចាំបាច់នៃការចុះធ្វើជំរឿន។

ក្រសួងមហាផ្ទៃ បាននិងកំពុងដំណើរការជំរឿនមន្ត្រីនគរបាល បម្រើការនៅតាមអង្គភាពចំនួន៣ រួមមានអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ ជំរឿននេះនឹងបន្តធ្វើរហូតបញ្ចប់ថ្នាក់អង្គភាពចំណុះទីស្ដីការក្រសួង មុននឹងបន្តនៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

បើតាមលោកអភិសន្តិបណ្ឌិត ស សុខា ជំរឿនមន្ដ្រីនគរបាលជាតិ មានគោលដៅស្នូល៦ រួមមាន៖

*ទី១៖ ស្គាល់ច្បាស់ពីកម្លាំងដែលមានស្រាប់
*ទី២៖ ដឹងពីតម្រូវការកម្លាំងជាក់ស្តែង
*ទី៣៖ ស្គាល់ពីសមត្ថភាពរបស់មន្ត្រី
*ទី៤៖ ពង្រឹងការគ្រប់គ្រងរដ្ឋបាល
*ទី៥៖ ធ្វើទំនើបកម្មការគ្រប់គ្រង
*ទី៦៖ ប្រើប្រាស់លទ្ធផល ដើម្បីធ្វើការសម្រេចចិត្ត។

លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា យុទ្ធនាការជំរឿននេះ ជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីកសាងមូលដ្ឋាន ទិន្នន័យធនធានមនុស្ស រយៈពេលវែង ធានាប្រសិទ្ធភាពការងារ និងចូលរួមកាត់បន្ថយនូវការចំណាយថវិកាជាតិ៕