ស្នងការនគរបាលខេត្តត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច
16-11-2026 22:59
(សៀមរាប)៖ នៅថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាកងកម្លាំងនគរបាល ក្នុងការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព បញ្ចៀសការកកស្ទះចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច។
ព្រះរាជពិធីដ៏មហោឡារិកនេះ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងលោកជំទាវទី១។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានយកចិត្តទុកដាក់ត្រួតពិនិត្យទីតាំងគោលដៅសំខាន់ៗ និងការដាក់ពង្រាយកម្លាំងតាមគោលដៅនីមួយៗ ព្រមទាំងដឹកនាំបញ្ជាដោយផ្ទាល់ ដើម្បីធានាឱ្យការអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងស្របតាមបទបញ្ជា ព្រមទាំងការណែនាំរបស់ថ្នាក់ដឹកនាំ៕
