រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជំរុញឱ្យស្ត្រីក្លាយជាអ្នកដឹកនាំ និងអ្នកបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា និង AI
16-11-2026 21:57
(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ ស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត (AI) ក្រោមមូលបទ «ការធានាបាននូវបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន សម្រាប់ទាំងអស់គ្នា»។
លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរតួនាទីរបស់ស្ត្រី ពីអ្នកប្រើប្រាស់ទៅជាអ្នកបង្កើតថ្មី អ្នកគ្រប់គ្រង និងអ្នកដឹកនាំបច្ចេកវិទ្យា។
លោកស្រីបានលើកឡើងថា ស្ត្រីមិនគួរមានតួនាទីត្រឹមតែជាអ្នកប្រើប្រាស់ ឬអ្នកទទួលផលពីបច្ចេកវិទ្យានោះទេ ប៉ុន្តែត្រូវមានឱកាសបង្កើតថ្មី ធ្វើជាម្ចាស់ វិនិយោគ និងចូលរួមគ្រប់គ្រង ដឹកនាំបច្ចេកវិទ្យាពេញមួយខ្សែចង្វាក់។ សម្រាប់កម្ពុជា ការបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនគ្រាន់តែជាអាទិភាពនៃសមភាពយេនឌ័រនោះទេ ប៉ុន្តែក៏ជាបញ្ហានៃមូលធនមនុស្ស កំណើនសេដ្ឋកិច្ច និងផលិតភាពជាតិផងដែរ។
ទោះបីជាកម្ពុជាបានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់លើវឌ្ឍនភាពនៃការអប់រំដល់ស្ត្រីនិងក្មេងស្រីក៏ដោយ ក៏គម្លាតគួរឱ្យកត់សម្គាល់នៅតែបន្តកើតមាន។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។
ការសិក្សាឆ្នាំ២០២៦ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរកឃើញថា ស្ត្រីមានត្រឹមតែ ១៧% ប៉ុណ្ណោះ ដែលសិក្សាផ្នែក STEM។ ដូច្នេះ បញ្ហាប្រឈមពិតប្រាកដ គឺធ្វើយ៉ាងណាដើម្បីបំប្លែងវឌ្ឍនភាពក្នុងការអប់រំ ទៅជាជំនាញ STEM អាជីពការងារក្នុងវិស័យ AI ការស្រាវជ្រាវ នវានុវត្តន៍ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ។
លោកស្រីក៏បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរពី «ការការពារ» ទៅ «សិទ្ធិអំណាចក្នុងការកំណត់ទិសដៅ»។ បច្ចេកវិទ្យា AI អាចនាំមកនូវហានិភ័យដូចជាភាពលំអៀងយេនឌ័រ ដែលការស្រាវជ្រាវ UN Women បានបង្ហាញថា ៤៤% នៃប្រព័ន្ធ AI ចំនួន ១៣៣ បានបង្ហាញពីភាពលំអៀងនេះ។
លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងទៀតថា ដូច្នេះ ស្ត្រីត្រូវតែមានសិទ្ធិអំណាចក្នុងការកំណត់ទិសដៅថា តើបច្ចេកវិទ្យាត្រូវបានរចនា អភិវឌ្ឍ ដាក់ឱ្យប្រើប្រាស់ និងគ្រប់គ្រងដោយរបៀបណា។ ការផ្លាស់ប្តូរនេះ គឺពីការការពារទៅកាន់អំណាច ដើម្បីធានាថាស្ត្រីមានឱកាស សំឡេង និងភាពអង់អាចក្នុងការធ្វើសេចក្តីសម្រេចចិត្តកំណត់គោលបំណង ស្តង់ដារ និងវិធានការការពារតាមរយៈ AI៕












