រដ្ឋមន្រ្ដី ភឿង សកុណា ចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាតុមូលស្តីពីការវិនិយោគលើវិស័យវប្បធម៌ ក្នុងទស្សនវិស័យហ្វ្រង់កូហ្វូនី
16-11-2026 21:42
(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាតុមូលស្តីពី «ការវិនិយោគលើវិស័យវប្បធម៌៖ បញ្ហាប្រឈម និងឱកាសក្នុងបរិបទសកលដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស តាមទស្សនវិស័យហ្វ្រង់កូហ្វូនី»។
វេទិកានេះរៀបចំឡើងនៅភូមិហ្វ្រង់កូហ្វូនី សួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី»។
វេទិកាតុមូលនេះផ្តោតលើការពិភាក្សាពីបញ្ហាប្រឈម និងឱកាសនៃការវិនិយោគលើវិស័យវប្បធម៌ ក្នុងបរិបទសកលដែលកំពុងមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងការលើកកម្ពស់សក្តានុពលវប្បធម៌ក្នុងចំណោមបណ្ដាប្រទេសហ្វ្រង់កូហ្វូនី។
ការចូលរួមរបស់លោកស្រីរដ្ឋមន្ត្រីក្នុងវេទិកានេះ ក៏បានបង្ហាញពីសារៈសំខាន់នៃវិស័យវប្បធម៌ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕





