តំណាងប៉ុស្តិ៍ទូរទស្សន៍ TV5Monde៖ កម្ពុជារៀបចំព្រឹត្តិការណ៍បានយ៉ាងល្អ មានអ្នកចូលរួមច្រើន និងបង្ហាញពីភាពរួសរាយរាក់ទាក់ សុវត្ថិភាព (Video inside)
16-11-2026 20:48
(ភ្នំពេញ)៖ លោក Alex Muller នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃបណ្តាញទូរទស្សន៍ TV5MONDE ដែលជាបណ្តាញទូរទស្សន៍ និងជាប្រតិបត្តិករផ្លូវការរបស់អង្គការហ្វ្រង់កូហ្វូនី បានលើកឡើងថា ព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនីនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងល្អ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងបរិយាកាសរស់រវើកជារៀងរាល់ថ្ងៃ។
លោកបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍លើកនេះ មានភាពអស្ចារ្យ និងមានថាមពលខ្លាំងជាងការរំពឹងទុក ដោយលោកបានសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាមានភាពរួសរាយរាក់ទាក់ ស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ និងប្រទេសមានសុវត្ថិភាពល្អសម្រាប់ភ្ញៀវទេសចរ។
ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះកិច្ចសហការរបស់ដៃគូក្នុងស្រុក និងក្រុមហ៊ុនកម្ពុជាដែលបានចូលរួមរៀបចំព្រឹត្តិការណ៍នេះ ដោយលោកចាត់ទុកថា កិច្ចសហការបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
លោកក៏បានចាត់ទុកការដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីជាលើកដំបូងនេះ ជាការទទួលស្គាល់ដ៏សំខាន់ចំពោះតួនាទីរបស់កម្ពុជាក្នុងការចូលរួមបង្កើត និងអភិវឌ្ឍអង្គការហ្វ្រង់កូហ្វូនី ព្រមទាំងជាការលើកតម្កើងព្រះរាជតួនាទីរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលជាស្ថាបនិកមួយអង្គនៃចលនាហ្វ្រង់កូហ្វូនី។
សូមជម្រាបថា TV5Monde គឺជាបណ្តាញទូរទស្សន៍អន្តរជាតិដែលផ្សាយជាភាសាបារាំង និងមានកម្មវិធីពីប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី រួមមាន កម្ពុជា បារាំង បែលហ្ស៊ិក ស្វីស កាណាដា និងបណ្តាប្រទេសនិយាយភាសាបារាំងនៅទ្វីបអាហ្វ្រិក ដោយមានវិសាលភាពផ្សាយដល់គេហដ្ឋានជាង ៤៣៧លានខ្នងនៅទូទាំងពិភពលោក៕




