ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំ ធ្វើតេស្តិ៍សាកល្បងការធ្វើថូខិនណាយមូលបត្ររដ្ឋនៅកម្ពុជា
16-11-2026 20:45
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន SBI Holdings Inc. ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយរបស់ប្រទេសជប៉ុន ប្រកាសចាប់ផ្តើមធ្វើតេស្តសាកល្បង (Proof of Concept) លើការធ្វើថូខិនណាយមូលបត្ររដ្ឋនៅកម្ពុជា។
ក្នុងគោលបំណងនៃការធ្វើតេស្តសាកល្បងនេះ គឺដើម្បីសិក្សាលើលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ក្នុងប្រតិបត្តិការមូលបត្ររដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ តាមរយៈការកាត់បន្ថយចំណាយបង្កើនតម្លាភាពនិងពន្លឿនដំណើរការទិញ-លក់ និងការទូទាត់។
ការសហការគ្នារបស់ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន SBI Holdings Inc ធ្វើឡើងក្នុងអំឡុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ BlackSwanSummitCambodia ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចំនួន២ថ្ងៃគឺថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
គម្រោងនេះក៏នឹងរួមចំណែកពង្រីកឱកាស ក្នុងការចូលរួមរបស់វិនិយោគិន និងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រឱ្យកាន់តែទំនើបស្របតាមនិន្នាការបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។
បន្ថែមលើនេះគំនិតផ្ដួចផ្ដើម នឹងបើកឱកាសថ្មីមួយ សម្រាប់ការសិក្សាស្វែងយល់ និងសាកល្បងសក្តានុពលនបច្ចេកវិទ្យាប្លុកឆេនក្នុងការលើកកម្ពស់នវានុវត្តន៍ និងការធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុព្រមទាំងឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់លើការស្វែងរកដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ។
លទ្ធផលនៃការសិក្សានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការពិចារណាលើជំហានបន្ទាប់ រួមទាំងការដាក់ឱ្យអនុវត្តក្នុងដំណាក់កាលសាកល្បង ឬការអនុវត្តជាផ្លូវការនាពេលអនាគត។
ការធ្វើតេស្តសាកល្បងនេះ នឹងផ្តល់សារៈសំខាន់ជាច្រើនសម្រាប់សាធារណជន និងធុរជនក្នុងការស្វែងយល់ពីការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិវានុវត្តន៍នៃផលិតផល និងសេវានាពេលបច្ចុប្បន្ន។
បន្ថែមលើនេះ ចំពោះអ្នកចូលរួមអន្តរជាតិការធ្វើតេស្តសាកល្បងនេះនឹងផ្តល់ជាបទពិសោធ ព្រមទាំងជាគំនិតក្នុងការសិក្សាស្រាវជ្រាវបន្ថែម អំពីនវានុវត្តន៍ហិរញ្ញវត្ថុថ្មី ដែលអាចដាក់ឱ្យប្រើប្រាស់បានទៅតាមបរិបទ នៃប្រទេសរៀងខ្លួន៕




