កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
16-11-2026 20:30
(ភ្នំពេញ)៖ ប្រទេសកាណាដា ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ សម្រាប់រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ (21st Francophonie Summit) ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៨ ខាងមុខ។
ការប្រកាសនេះត្រូវបានលើកឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមជម្រាបថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានចាប់ផ្តើមពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាវេទិកាជួបជុំថ្នាក់ដឹកនាំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភា។
ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រៅពីកិច្ចប្រជុំកំពូលផ្លូវការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លើកទី២០ ក៏មានការរៀបចំព្រឹត្តិការណ៍អមដ៏មានសារៈសំខាន់ធំៗមួយចំនួនទៀតរួមមាន៖
ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie): ជាកន្លែងសម្រាប់បង្ហាញពីវប្បធម៌ សិល្បៈ ទេសចរណ៍ ផលិតផល និងបេតិកភណ្ឌដ៏សម្បូរបែបនៃបណ្តាប្រទេសសមាជិក ព្រមទាំងជាវេទិកាសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងអន្តរកម្មរវាងប្រជាជន និងប្រជាជន។
វេទិកាធុរកិច្ច និងនវានុវត្តន៍ ហ្វ្រង់កូតិច (FrancoTech): ជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលប្រមូលផ្តុំដោយ ក្រុមហ៊ុន Startups វិនិយោគិន និងស្ថាប័នរដ្ឋ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបង្កើតថ្មី (Innovation) និងការបង្កើតភាពជាដៃគូធុរកិច្ច។
ក្រៅពីនេះ ក៏មានកិច្ចប្រជុំកម្រិតខ្ពស់អមមួយទៀតគឺ សម័យប្រជុំលើកទី៤៨ នៃសន្និសីទរដ្ឋមន្ត្រីនៃហ្វ្រង់កូហ្វូនី (CMF) ព្រមទាំងវេទិកាយុវជន និងវេទិកាពាណិជ្ជកម្មផ្សេងៗទៀត ដែលរួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលនេះកាន់តែមានសន្ទុះខ្លាំងក្លា។
គួរឱ្យដឹងថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃបណ្តារដ្ឋ និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីចំនួន ៨១ ក្នុងនោះមានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលចំនួន ២៣ ចូលរួម គឺស្មើនឹង៩០% នៃសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសរុប៩០។
ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះឈ្មោះសរុបប្រមាណ ១.៥០០នាក់ មកពី ៣០៨ស្ថាប័ន/អង្គភាព និង ៤២ប្រទេស ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះកម្ពុជា និងកិច្ចប្រជុំកំពូលនេះ៕




