វិភាគអន្តរជាតិ៖ មហាយក្ស ៣ របៀបវារៈ ៣

16-11-2026 20:21

(វ៉ាស៊ីនតោន)៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូង នាឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ក្នុងទីក្រុង Shenzhen ប្រទេសចិន។ រដ្ឋាភិបាលចិន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏បានទទួលស្គាល់ដែរថាជំនួបរវាងមេដឹកនាំទាំង៣ នឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងទីក្រុង Shenzhen។

ក្រសួងការបរទេសចិនបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនាថ្ងៃចន្ទនេះដូច្នេះថា «នៅថ្ងៃទី១៩ ខែវិច្ឆិកា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងរៀបចំកិច្ចប្រជុំរវាងប្រមុខរដ្ឋចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង Shenzhen»។ បើតាមសេតវិមាន កិច្ចចរចាត្រីភាគីនឹងត្រូវផ្តោតលើការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ រួមទាំងការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែមេដឹកនាំមហាអំណាចទាំង៣ត្រូវបានគេមើលឃើញថាមានអាទិភាព និងរបៀបវារៈផ្ទាល់ខ្លួនផ្សេងៗគ្នា។ ជំនួបត្រីភាគីនេះទៀតសោតកើតមានឡើងចំពេលពិភពលោកកំពុងប្រឈមមុខនឹងភាពចលាចល និងផលវិបាកកើតចេញពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ ព្រមទាំងភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

លោក Simon Mabon ជាសាស្ត្រាចារ្យម្នាក់ខាងនយោបាយអន្តរជាតិមកពីសាកលវិទ្យាល័យ Lancaster University មានមូលដ្ឋាននៅព្រីថេន យល់ថាអំឡុងជំនួបត្រីភាគី គេនឹងបានឃើញជាពិសេសការថតរូបរវាងមេដឹកនាំទាំង៣ និងវោហាសាស្ត្រអួតពីខ្លួនឯងរបស់លោក ត្រាំ។ ប៉ុន្តែជំនួបនេះនឹងមិនអាចនាំទៅរកការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ឬសង្រ្គាមអ៉ីរ៉ង់បាននោះទេ។ ដូច្នេះតើមេដឹកនាំទាំង ៣ ចង់បានអ្វី? ហើយថាតើអ្វីទៅជាលទ្ធផល?

* អ្វីទៅស្ថិតនៅក្នុងរបៀបវារៈ?
មេដឹកនាំទាំង៣ មានអាទិភាពរៀងៗខ្លួនៗ។ ប៉ុន្តែមានបញ្ហាមួយចំនួនដែលអាចយកមកជជែកគ្នាបានក្នុងនោះរួមមានដូចជា៖ សន្ធិសញ្ញា នុយក្លេអ៊ែរថ្មី៖ របៀបវារៈកំពូលសម្រាប់រុស្ស៉ី និងសហរដ្ឋអាមេរិក នោះគឺសន្ធិសញ្ញានុយក្លេអ៊ែរ New Strategic Arms Reduction Treaty ឬហៅកាត់ថា New START ដែលបានផុតសុពលភាពកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាដោយមេដឹកនាំអាមេរិក និងរុស្ស៉ី ក្នុងឆ្នាំ២០១០ ជាមួយការដាក់កំហិតកំណត់ចំនួនលើឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេសទាំង២។

បច្ចុប្បន្ន រុស្ស៉ីជាប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុតនៅលើពិភពលោក តាមពីក្រោយដោយសហរដ្ឋអាមេរិក និងចិនដែលគេកំពុងមើលឃើញថាកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងលឿនរហ័ស។ កន្លងមក លោក ត្រាំបានទាត់ចោលសំណើពីរុស្ស៉ីក្នុងការបន្តសុពលភាពសន្ធិសញ្ញានុយក្លេអ៊ែរ New START ដោយទទូចឱ្យមានសន្ធិសញ្ញាថ្មីមួយដែលរួមមានបញ្ចូលទាំងចិន។ ក៏ប៉ុន្តែចិនបានបដិសេធម្ដងហើយម្ដងទៀតជុំវិញការចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ ដ្បិតក្រុមមន្ត្រីចិននិយាយថាពួកគេមើលមិនឃើញផលប្រយោជន៍ពីការរឹតត្បិត ឬដាក់កំហិតលើឃ្លាំងអាវុធនុយក្លេអ៊ែរនោះទេ ខណៈសហរដ្ឋអាមេរិក និងរុស្ស៉ី មា្នក់ៗមានក្បាលគ្រាប់នុយក្លេអ៊ែរលើស៥០០០គ្រាប់ រីឯចិនមានត្រឹម ៦២០គ្រាប់ ឬអាចនិយាយបានថាតិចជាងសហរដ្ឋអាមេរិកជិត ១០ដងឯណោះ។ ​មន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters​ ថាសន្ធិសញ្ញានុយក្លេអ៊ែរថ្មីនឹងក្លាយជាចំណុចចាប់ផ្ដើមនៃកិច្ចសន្ទនា តែសហរដ្ឋអាមេរិកមិនរំពឹងនោះទេថាអាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយ»។

សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់៖ ក្រុមមន្ត្រីអាមេរិកបាននិយាយថាមេដឹកនាំអាមេរិក ចិន និងរុស្ស៉ី គ្រោងនឹងពិភាក្សា លើបញ្ហាសង្រ្គាមអ៉ីរ៉ង់ដែលផ្ទុះឡើងក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ខណៈការវាយប្រហារទ្រង់ទ្រាយធំត្រូវបានផ្អាក សង្រ្គាមអ៉ីរ៉ង់បានឈានចូលដំណាក់កាលជាប់គាំងដែលមិនមានសន្តិភាព ហើយក៏មិនមានសង្រ្គាម។ អស់រយៈពេលច្រើនជាង ១០០ថ្ងៃ ច្រកសមុទ្រ Hormuz នៅតែបន្តត្រូវបានបិទធ្វើឱ្យតម្លៃប្រេង និងឧស្ម័នប្រែប្រួលជានិច្ច ស្របពេលកប៉ាល់ ដឹកប្រេងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះនៅតែបន្តរងការវាយប្រហារពីអ៉ីរ៉ង់ ឬបើកបុកគ្រាប់មីនសមុទ្រ។ មុនពេលសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង មួយភាគបីនៃប្រេងឆៅដែលចិននាំចូលពីតំបន់មជ្ឈិមបូព៌ា គឺត្រូវឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ សង្រ្គាមនេះក៏បានបង្ករំខានដល់តម្រូវសម្រាប់ការនាំចេញរបស់ចិនផងដែរ។ ព្រមពេលជាមួយគ្នា រុស្ស៉ីបែរជាកំពុងទាញប្រយោជន៍ពីការឡើងថ្លៃតម្លៃថាមពល និងការបន្ធូរបន្ថយទណ្ឌកម្មថ្មីៗនេះពីលោក ដូណាល់ ត្រាំ ជាពិសេសពាក់ព័ន្ធនឹងការលក់ប្រេងម៉ាស៊ូត។

ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន៖​ សង្រ្គាមពាណិជ្ជកម្ម និងការរត់ប្រណាំងដើម្បីគ្រប់គ្រង microchips ដែលគេត្រូវការជាចំាបាច់យកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍ AI កំពុងបង្កឱ្យមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។ លោក ត្រាំ បានដំឡើងពន្ធគយ ១៤៥ភាគរយលើទំនិញជាច្រើនមុខនាំចូលពីចិនកាលពីឆ្នាំ២០២៥។ ប៉េកាំងបានសងសឹកវិញជាមួយការដំឡើងពន្ធគយ ១២៥ភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ ភាពតានតឹងបានឡើងកម្ដៅកាន់តែខ្លាំងក្រោយចិនដាក់ចេញវិធានការរឹតត្បិតលើការនាំចេញរ៉ែកម្រដែលពិភពលោកត្រូវការសម្រាប់ការផលិតបឈីបស៊េរីទំនើប និងប្រើប្រាស់ក្នុងបច្ចេកវិទ្យាជាច្រើនទៀត។ ក្រោយជួបគ្នានៅកូរ៉េខាងត្បូង និងក្នុងទីក្រុងវ៉ាស៊ីនតោន ប្រទេសទាំង២ បានបន្ធូរបន្ថយពន្ធគយ និងបានឈានដល់កិច្ចព្រមព្រៀងជាច្រើននៅបន្ទាប់ពីជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូង និងក្នុងទីក្រុងវ៉ាស៊ីនតោន។ ក៏ប៉ុន្តែភាពតានតឹងបានវិលត្រឡប់មកវិញសាជាថ្មី ក្រោយផ្ទុះរឿងអាស្រូវស្នេហាផិតក្បត់របស់ CEO ក្រុមហ៊ុន Nvidia លោក Jensen Huang ជាមួយស្ត្រីម្នាក់ដែលក្រុមមន្ត្រីអាមេរិកបានអះអាងថាធ្វើការឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន ជាការចោទប្រកាន់មួយត្រូវបានប៉េកាំងបដិសេធ។

* តើសង្រ្គាមអ៊ុយក្រែនអាចត្រូវបានលើកយកទៅពិភាក្សា ឬ?
ក្រុមមន្ត្រីអាមេរិកបានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោក ដូណាល់ ត្រាំ នឹងមិនលើកយកសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនទៅពិភាក្សានោះទេ បើទោះជាវិមានក្រឹមឡាំងធ្លាប់បានបញ្ជាក់ថាសង្រ្គាមនេះអាចនឹងត្រូវបានពិភាក្សាក៏ដោយ។ ចិនដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ីបាននិយាយថា សង្រ្គាមអ៊ុយក្រែនជាបញ្ហាមួយរបស់អឺរ៉ុប។ ក្រុមមន្ត្រីអាមេរិកថែមទាំងបានកត់សម្គាល់ទៀតផងថាទីក្រុងវ៉ាស៊ីនតោននឹងបន្តសម្របសម្រួលកិច្ចចរចាសន្តិភាព។ «ចិនមិនមែនជាភាគីនៃកិច្ចចរចានោះទេ ដូច្នេះមើលទៅមិនទំនងនោះទេដែលត្រូវពិភាក្សាពីសង្រ្គាមអ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់មន្ត្រីអាមេរិកម្នាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។

ក្នុងពេលកំពុងព្យាយាមបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន លោក ត្រាំ បានចោទប្រកាន់ម្ដងហើយម្ដងទៀតថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនមានបំណងចរចាបិទបញ្ចប់សង្រ្គាមនោះទេ ខណៈទីក្រុងកៀវបានអះអាងជាថ្មីថាសហរដ្ឋអាមេរិកបានរឹតត្បិតលើការប្រើប្រាស់ប្រព័ន្ធផ្កាយរណប Starlink។ លោក ត្រាំក៏បានបន្ទោសអ៊ុយក្រែនផងដែរសម្រាប់ការឡើងថ្លៃប្រេងម៉ាស៊ូត ដោយសារតែការវាយប្រហារលើរោងចក្រប្រេងរុស្ស៉ី។ ផ្ទុយទៅវិញ លោក ត្រាំបានបន្ទន់ជំហរចំពោះលោក ពូទីន ជាមួយការបន្ធូរបន្ថយទណ្ឌកម្មដោយអនុញ្ញាតឱ្យ រុស្ស៉ីលក់ប្រេងម៉ាស៊ូតទៅកាន់ទីផ្សារពិភពលោក និងសហរដ្ឋអាមេរិក។

* តើភាគីម្ខាងៗចង់បានអ្វីពីកិច្ចប្រជុំត្រីភាគី?
ក្រុមអ្នកវិភាគបាននិយាយថាសម្រាប់លោកប្រធានាធិបតី ពូទីន កិច្ចប្រជុំជាមួយលោក ត្រាំ និងលោក ស៊ី ជីនពីង គឺជាឱកាសមួយដើម្បីបង្ហាញថារុស្ស៉ីនៅតែជាតួអង្គដ៏សំខាន់មួយដែលពិភពលោកមិនអាចខ្វះបាន និងបញ្ជាក់ថាទណ្ឌកម្មរបស់លោកខាងលិចមិនអាចធ្វើឱ្យរុស្ស៉ី ឯកោនៅលើឆាកអន្តរជាតិបាននោះទេ។ ម្យ៉ាង វាក៏នឹងផ្ដល់ផងដែរឱ្យលោក ពូទីន នូវការអះអាងពីឋានៈស្មើមុខស្មើមាត់ក្នុងចំណោមមេដឹកនាំ ចិន និងសហរដ្ឋអាមេរិកដែលលោកអាចយកទៅឃោសនាប្រាប់ប្រជាជនរុស្ស៉ីថារូបលោកមានឥទ្ធិពលលើការរៀបចំនិម្មាបនកម្មសន្តិសុខអឺរ៉ុប នៅក្រោយសង្រ្គាមអ៊ុយក្រែនបិទបញ្ចប់។

សម្រាប់ចិនវិញ កិច្ចប្រជុំត្រីភាគីនឹងផ្ដល់ឱ្យលោក ស៊ី ជីនពីងនូវឱកាសបង្ហាញប្រាប់ពិភពលោកថាចិនជាមហាអំណាចយ៉ាងពិតប្រាកដមួយដែលមានសមត្ថភាពអាចនាំមេដឹកនាំនៃប្រទេសជាគូសត្រូវនឹងគ្នាដូចជាសហរដ្ឋអាមេរិក និងរុស្ស៉ី មកជួបគ្នាលើទឹកដីចិនក្រោមគោលបំណងស្វែងរកសន្តិភាព។ ប៉េកាំងបាន និងកំពុងជំរុញរួចទៅហើយឱ្យមានដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់។ តែក្នុងពេលដំណាលគ្នា ចិនក៏មានបំណងចៀសវាងផងដែរការចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរថ្មីណាមួយដែលចិនមិនបានចូលរួមបង្កើតតាំងពីដំបូង។

កាលពីខែតុលា ក្រសួងការបរទេសចិនបាននិយាយថាវាមិនយុត្តិធម៌ មិនសមហេតុផល ហើយក៏មិនមានភាពប្រាកដនិយមដែរចំពោះការអំពាវនាវឱ្យចិនចូលរួមក្នុងសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរត្រីភាគីក្នុងកាលៈទេសៈសព្វថ្ងៃ។ ដោយឡែក សម្រាប់សហរដ្ឋអាមេរិក ក្រុមមន្ត្រីអាមេរិកបាននិយាយថាអាទិភាពរបស់លោក ត្រាំ នោះគឺចង់បញ្ចូលចិន និងរុស្ស៉ីទៅក្នុងសន្ធិសញ្ញានុយក្លេអ៊ែរថ្មីមួយ។ «លោកប្រធានាធិបតី (ត្រាំ) បានបញ្ជាក់យ៉ាងច្បាស់ថាក្នុងចំណោមប្រធានបទផ្សេងទៀត លោកនឹងពិភាក្សាពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ នៅជុំវិញពិភពលោក។ ព្រោះលោកប្រធានាធិបតី ត្រាំ ជឿថាការរីកសាយអាវុធនុយក្លេអ៊ែរជារឿងគ្រោះថ្នាក់បំផុត»។ នេះជាការលើកឡើងរបស់លោកស្រី Olivia Wales អ្នកនាំពាក្យសេតវិមានប្រាប់ក្រុមអ្នកសារព័ត៌មាន។

បើតាមក្រុមអ្នកវិភាគ លោក ត្រាំ ក៏អាចនឹងប្រើប្រាស់ជំនួបត្រីភាគីជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន ដើម្បបង្ហាញពីឫទ្ធិអំណាចការទូតនៃរដ្ឋបាលរបស់លោក ក៏ដូចជាបញ្ជាក់ឡើងវិញឥទ្ធិពលរបស់លោកនៅលើឆាកអន្តរជាតិ ក្រោយគណបក្សសាធារណរដ្ឋបរាជ័យធ្ងន់ធ្ងរក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ បន្ថែមពីលើនេះ លោក ត្រាំក៏អាចនឹងស្វះស្វែងរកទំនាក់ទំនងជិតសិ្នទ្ធជាមួយលោក ស៊ី ជីនពីង លោក ពូទីន និងមេដឹកនាំកូរ៉េខាងជើងដែលត្រូវបានគេចាត់ទុកថាសុទ្ធសឹងតែជាបុរសខ្លាំង ក្នុងគោលបំណងបង្ហាញឱ្យគេបានឃើញថាមានតែរូបលោកម្នាក់គត់ដែលអាចដោះស្រាយជាមួយបុរសខ្លាំងទាំងនោះបាន។

លោក ត្រាំ ប្រហែលជាអាចនឹងស្វែងរកផងដែរការគំាទ្រពីលោក ស៊ី ជីនពីង និងលោក ពូទីន ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំ សាជាថ្មីជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលមានទំនាក់ទំនងល្អូកល្អិនជាមួយចិន និងរុស្ស៉ី។ ត្រង់ចំណុចនេះ លោក Victor Cha មកពី Center for Strategic ⁠and International Studies មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាលោក ត្រាំ នឹងផ្តោតលើការបន្សល់ទុកស្នាដៃធំៗរបស់លោកដូចជាការស្វែងរកកិច្ចព្រមព្រៀងស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយប៉េកាំង និងមូស្គូ ឬក៏ការរៀបចំកិច្ចប្រជុំម្ដងទៀតជាមួយលោក គីម ជុងអ៊ុន។ ប៉ុន្តែពាក់ព័ន្ធនឹងការរំសាយអាវុធនុយក្លេអ៊ែរ វាប្រហែលជាគ្មានន័យឡើយចំពោះចិនដែលបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរតិចជាងសហរដ្ឋអាមេរិក និងរុស្ស៉ី។

ម្លោះហើយសម្រាប់លោក Victor Cha ជាផ្នែកដ៏ធំមួយនៃការបន្សល់ទុកស្នាដៃ លោក ត្រាំអាចងាកទៅរកនយោបាយការទូតជាមួយកូរ៉េខាងជើង ដែលរូបលោកចំណាយពេលយ៉ាងច្រើនដើម្បីផ្តោតក្នុងរយៈពេល ២អាណត្តិជាប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា កិច្ចចរចាត្រីភាគីរវាងលោក ដូណាល់ ត្រាំ លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេប្រដូចទៅនឹងសន្នីសីទ Yalta ឆ្នាំ១៩៤៥ រវាងសហរដ្ឋអាមេរិក ព្រីថេន និងអតីតសហភាពសូវៀត ជាទីដែលមហាអំណាចទាំង៣ ជជែកគ្នាពីការពុះចែកដែនឥទ្ធិពលគ្រប់គ្រង និងការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកក្រោយសង្រ្គាមលោកលើកទី២។ នៅពេលនេះ អ្នកបារម្ភពីកិច្ចចរចារបៀបនេះខ្លាំងជាងគេ គឺអ៊ុយក្រែន ដែលបាន និងកំពុងធ្វើសង្រ្គាមជាមួយរុស្ស៉ីជាង៤ឆ្នាំមកនេះ។ ណាមួយបើតាមមន្ត្រីអាមេរិកម្នាក់ លោក ត្រាំ មិនត្រូវបានរំពឹងថានឹងលើកឡើងពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនក្នុងកិច្ចពិភាក្សាត្រីភាគីនោះទេ៕