កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
16-11-2026 19:41
(ភ្នំពេញ)៖ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលបានជួបប្រជុំគ្នានៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» បានអនុម័ត និងចេញផ្សាយជាផ្លូវការនូវ «សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី» ដែលមានខ្លឹមសារសរុបចំនួន ៨៤ចំណុច គ្របដណ្តប់លើបណ្តាប្រទេស និងតំបន់សំខាន់ៗជុំវិញពិភពលោក រួមទាំងបញ្ហាព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
នៅក្នុងបុព្វកថានៃសេចក្តីសម្រេចដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំនៃប្រទេសប្រើប្រាស់ភាសាបារាំង បានបញ្ជាក់អះអាងជាថ្មីនូវការគោរពគោលការណ៍សកលនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN និងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាពិសេសការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី។ ព្រមជាមួយគ្នានេះ អង្គប្រជុំកំពូលបានថ្កោលទោសចំពោះការរំលោភបំពានសណ្តាប់ធ្នាប់ធម្មនុញ្ញ និងប្រជាធិបតេយ្យ (រដ្ឋប្រហារយោធា) ការប្រយុទ្ធប្រឆាំងមនោគមវិជ្ជាជ្រុលនិយម ភេរវកម្ម ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងអាក្រក់ដើម្បីបំភាន់ព័ត៌មាន និងបានគូសបញ្ជាក់ពីតួនាទីស្នូលរបស់ស្ត្រី និងយុវជនក្នុងការកសាងសន្តិភាព។
នៅក្នុងសេចក្តីសម្រេចនេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលហ្វ្រង់កូហ្វូនី បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញជំហរគាំទ្រយ៉ាងច្បាស់លាស់ចំពោះកម្ពុជា លើបញ្ហាព្រំដែនជាមួយប្រទេសថៃ ដូចខាងក្រោម៖
* ការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដី៖ សម្តែងការព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
* ការការពារជនស៊ីវិល និងការវិលត្រឡប់ទៅលំនៅឋានដើម៖ សម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា ដោយអំពាវនាវឱ្យធានាការការពារប្រជាជនស៊ីវិល ផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងត្រូវលុបបំបាត់ឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឱ្យពួកគេពិតជាអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងយូរអង្វែង។
* ប្រឆាំងការផ្លាស់ប្តូរព្រំដែនដោយកម្លាំង៖ គូសបញ្ជាក់ថា រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ ស្របតាមច្បាប់អន្តរជាតិ ហើយ មិនអាចមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (Faits Accomplis) នោះឡើយ។
* ការអនុវត្តសេចក្តីថ្លែងការណ៍រួម និងយន្តការ JBC៖ អំពាវនាវឱ្យមានការអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់។
* ការគោរពបទឈប់បាញ់ និងនីតិសមុទ្រ៖ អំពាវនាវដោយទទូចឱ្យភាគីទាំងសងខាងគោរពបទឈប់បាញ់ឱ្យបានពេញលេញ ចៀសវាងរាល់សកម្មភាពដែលបង្កឱ្យមានភាពតានតឹងឡើងវិញ និងលើកទឹកចិត្តឱ្យបន្តកិច្ចសន្ទនា និងប្រើប្រាស់មធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍នីតិវិធីការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS) សម្រាប់ការដោះស្រាយវិវាទដែនសមុទ្រ។
ក្រៅពីករណីប្រទេសកម្ពុជា សេចក្តីសម្រេចទាំង ៨៤ចំណុចរបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក៏បានដាក់ចេញនូវជំហរ និងអនុសាសន៍រួមលើស្ថានភាពវិបត្តិ និងការពង្រឹងសន្តិភាពនៅតាមបណ្តាប្រទេស និងតំបន់ជាច្រើនទៀត រួមមាន៖ ដំណើរការសន្តិភាពអាមេនី-អាស៊ែបៃហ្សង់, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, ប្រទេសស៊ីប, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ការវិលត្រឡប់ទៅរកសណ្តាប់ធ្នាប់ធម្មនុញ្ញនៅហ្គាបុង និងហ្គីណេ, ហ៊្សកហ្ស៊ី, ហ្គីណេ-ប៊ីស្សូ, វិបត្តិសន្តិសុខនៅហៃទី, លីបង់, ដំណើរការអន្តរកាលនៅម៉ាដាហ្គាស្កា, ម៉ុលដាវី, ម៉ូសំប៊ិក, ឆាដ, សង្គ្រាមនៅអ៊ុយក្រែន, ការរក្សាសន្តិភាព និងការបង្កើតក្រមប្រតិបត្តិ (COC) នៅសមុទ្រចិនខាងត្បូង ស្របតាម UNCLOS, ដំណោះស្រាយរដ្ឋពីរនៅតំបន់មជ្ឈិមបូព៌ា និងការបើកច្រកសមុទ្រហ័រមូស, ស្ថានភាពសន្តិសុខនៅតំបន់សាអ៊ែល ព្រមទាំងការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅប្រទេសស៊ូដង់ផងដែរ៕









































