FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០, អនុរដ្ឋមន្ត្រីក្រសួងការបរទេសឆែក ជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ដ្រីសុខាភិបាលកម្ពុជា

16-11-2026 19:08

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, លោកស្រី ម៉ារី ឆាតារដូវ៉ា (Marie Chatardová) អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឆែក បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជំនួបប្រជុំរវាងសុខាភិបាលកម្ពុជា និងសាធារណរដ្ឋឆែក បានផ្តោតសំខាន់ទៅលើកិច្ចសហការដ៏ល្អដែលមានកន្លងមក និងការបញ្ជាក់បន្ថែមនាពេលនេះពីសាធារណរដ្ឋឆែក តាមរយៈលោកស្រី ម៉ារី ឆាតារដូវ៉ា (Marie Chatardová) អនុរដ្ឋមន្ត្រីក្រសួងការបរទេស លើការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រវិស័យសុខាភិបាលកម្ពុជា។

នាឱកាសនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អ និងយូរអង្វែង ព្រមទាំងការគាំទ្រឥតងាករេរបស់រដ្ឋាភិបាលឆែក ដល់វិស័យសុខាភិបាលកម្ពុជា ចាប់តាំងពីគម្រោងសាងសង់ និងជួសជុលមណ្ឌលសុខភាពនៅតាមខេត្តគោលដៅ រហូតដល់កិច្ចសហការនាពេលបច្ចុប្បន្ន។

លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាពជាដៃគូ ជោគជ័យសម្រាប់គម្រោង មន្ទីរពេទ្យកុមារជាតិ ចាប់តាំងពីឆ្នាំ២០១៨ មក ដែលរួមមាន៖
*ការអភិវឌ្ឍផ្នែកទារកវិទ្យា តាមរយៈការឧបត្ថម្ភសម្ភារ និងបរិក្ខារវេជ្ជសាស្ត្រសំខាន់ៗ
*ការពង្រឹងធនធានមនុស្ស ការផ្តល់ការបណ្តុះបណ្តាលឯកទេស នៅទីក្រុងប្រាក ជូនដល់ក្រុមគ្រូពេទ្យពហុជំនាញ និងការដាក់ឱ្យដំណើរការប្រព័ន្ធបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Cambof) និង
*កិច្ចសហប្រតិបត្តិការលើការបង្កើតបន្ទប់តាំងបង្ហាញបរិក្ខារវេជ្ជសាស្ត្រ និងបរិច្ចាគឧបករណ៍ទំនើបៗ តាមរយៈមូលនិធិ និងសមាគមឆែក៕