សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ឲ្យក្រុមការងារ នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកា ចូលបុណ្យសពនាយឧត្តមសេនីយ៍ មៀច សុផាន់ណា
16-11-2026 19:03
(ភ្នំពេញ)៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក មែ ស៊ីថន និងក្រុមការងារ ក្នុងនាមខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនក្រុមគ្រួសាររបស់សពនាយឧត្តមសេនីយ៍ មៀច សុផាន់ណា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសម្តែងនូវសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០៤នាទី ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្តេចធិបតី និងភរិយា បានសម្ដែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត។
សម្តេចបានគូសបញ្ជាក់ថា ការបាត់បង់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា គឺជាការបាត់បង់ស្វាមីដ៏ឧត្ដុង្គឧត្តម ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌។
លើសពីនេះ ក៏ជាការបាត់បង់នូវឥស្សរជនដ៏ល្អឆ្នើមមួយរូប ដែលបានលះបង់អស់ពីកម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលជាកិច្ចការដ៏សំខាន់របស់ជាតិ។
ជាមួយគ្នានេះ សម្តេចធិបតី និងភរិយា ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ មៀច សុផាន់ណា សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។





