FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនលោក ខេមរៈសិរីមន្ត និងសិស្សខ្មែរពីសាលា AISPP ដណ្ដើមបានមេដាយមាសជាលើកដំបូង ពីកម្មវិធីប្រកួតបច្ចេកវិទ្យា World Techlympics 2026 នៅម៉ាឡេស៊ី

16-11-2026 17:54

(ភ្នំពេញ)៖ កូនលោក ខេមរៈសិរីមន្ត ឈ្មោះ ថុន ខេមរៈមន្តស្នេហ៍ រួមជាមួយសិស្សខ្មែរច្រើនរូបផ្សេង​ទៀត ពីសាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) ដណ្ដើមមេដាយមាសជាលើកដំបូងពីកម្មវិធីប្រកួតបច្ចេក​វិទ្យា​ពិភពលោក World Techlympics 2026 ដែលរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ា​ឡេ​ស៊ី ដោយមានការចូលរួមពីយុវជន និងអ្នកច្នៃប្រឌិតវ័យក្មេងមកពីជាង ៤០ប្រទេស។

សមិទ្ធផលនេះ គឺជាមោទនភាពថ្មីសម្រាប់កម្ពុជា និងជាការបង្ហាញពីសមត្ថភាពទេពកោសល្យភាពច្នៃ​ប្រឌិត និងសក្តានុពលរបស់យុវជនកម្ពុជាក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេសក្នុងវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។

World Techlympics គឺជាវេទិកាប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍លក្ខណៈអន្តរជាតិ ដែលផ្តល់ឱកាសដល់យុវជន និងអ្នកមានទេពកោសល្យមកពីបណ្តាប្រទេសនានា បង្ហាញសមត្ថភាព ចំណេះដឹង និងគំនិតច្នៃប្រឌិត តាមរយៈការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យា។

ការប្រកួតនេះមានសារៈសំខាន់ក្នុងការជំរុញការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា (STEM) ព្រមទាំងលើកកម្ពស់ជំនាញគិតវិភាគ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម ដែល​ជា​ជំនាញចាំបាច់សម្រាប់យុវជនក្នុងយុគសម័យឌីជីថល។

សាលា AISPP បានបង្ហាញក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផល ដែលជា​ការ​បំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា។ ជ័យជម្នះនេះ មិនមែនគ្រាន់តែ​ជាជោគ​ជ័យរបស់ AISPP ប៉ុណ្ណោះទេ ប៉ុន្តែជាជ័យជម្នះប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាមោទ​នភាព​នៃសមត្ថ​ភាព និងទេពកោសល្យរបស់កូនខ្មែរ ព្រមទាំងជាភស្តុតាងដ៏រឹងមាំបញ្ជាក់ថា យុវជនជំនាន់​ថ្មីរបស់យើងមានសមត្ថភាពប្រកួតប្រជែង បង្កើតនវានុវត្តន៍ និងសម្រេចបានឧត្តម​ភាពលើឆាក​អន្តរជាតិ។

សមិទ្ធផលនេះ ក៏បានបានបង្ហាញឱ្យពិភពលោកឃើញថា តាមរយៈការប្តេជ្ញាចិត្ត ភាពច្នៃប្រឌិត ការគិត​បែបវិភាគ ស្មារតីសហការជាក្រុម និងភាពក្លាហានក្នុងការស្រមៃចង់សម្រេចគោលដៅធំៗ កូនខ្មែរពិតជា​មានសមត្ថភាពឈរនៅក្នុងចំណោមយុវជនឆ្នើមបំផុតលើពិភពលោក។

ក្នុងឱកាសដែល AISPP កំពុងអបអរសាទរខួប៩ ឆ្នាំនៃឧត្តមភាពផ្នែកសិក្សា​តាមកម្មវិធីអប់រំ​បាក់ឌុប​អន្តរជាតិ (IB) សមិទ្ធផលដ៏វិសេសវិសាលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី​ការប្តេជ្ញាចិត្តឥតងាករេរបស់​សាលា ក្នុងការបណ្តុះបណ្តាលអ្នកច្នៃប្រឌិត អ្នកដោះស្រាយបញ្ហា និងអ្នកដឹកនាំសកលនាពេល​អនា​គត តាមរយៈការអប់រំដែលអភិវឌ្ឍសិស្សគ្រប់ជ្រុងជ្រោយបំផុត៕