FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ (Video inside)

16-11-2026 17:39

(សៀមរាប)៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះព្រះរាជបន្ទូល និងភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រមទាំងបានចាត់ទុកព្រះករុណា ព្រះមហាក្សត្រ ថា «ព្រះអង្គគឺជាតំណាងនៃមិត្តភាពកម្ពុជា-បារាំង» ដែលបានផ្សារភ្ជាប់ប្រជាជាតិទាំងពីរតាំងពីដើមដំបូង និងនៅគ្រប់ដំណាក់កាលលំបាក។

ការកោតសរសើរ និងការគូសបញ្ជាក់ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ប្រមុខរដ្ឋបារាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតី នាឱកាសអញ្ជើញចូលរួមជាអធិបតីជាមួយ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប នារសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

ថ្លែងទៅកាន់អង្គពិធី លោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះព្រះករុណា ព្រះមហាក្សត្រ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបថា មនោសញ្ចេតនាដែលយើងមានក្នុងការចែករំលែកពេលវេលានេះជាមួយព្រះអង្គ និងប្រជារាស្ត្រព្រះអង្គ ត្រូវបានកើនឡើងទ្វេដងដោយសារព្រះរាជបន្ទូលដែលព្រះអង្គទើបនឹងមាន ទាំងពាក្យពេចន៍ដែលព្រះអង្គបានជ្រើសរើស និងភាសាបារាំងដ៏ល្អឥតខ្ចោះ ដូចសព្វមួយដង។ ព្រះអង្គតែមួយអង្គឯងគឺជាតំណាងនៃមិត្តភាពនេះ»។

ប្រធានាធិបតីបារាំង បានរំលេចបន្ថែមថា ព្រះករុណា ព្រះមហាក្សត្រ ដែលជាសមាជិកបណ្ឌិតសភាបារាំងផងដែរ ព្រះអង្គផ្ទាល់តែងតែមានព្រះរាជបន្ទូលអំពី «មិត្តភាពនៃបេះដូង និងហេតុផល» រវាងប្រទេសទាំងពីរ។ លោក ម៉ាក្រុង បានគូសបញ្ជាក់ថា បារាំងមានមោទនភាពដែលបានចូលរួមតាមរយៈការងាររួមគ្នា និងការជឿទុកចិត្តរបស់ព្រះករុណា ព្រះមហាក្សត្រ ជួយឱ្យទីកន្លែងប្រវត្តិសាស្ត្រដូចជាប្រាសាទមេបុណ្យខាងលិចរស់ឡើងវិញ និងបានបន្ថែមតម្លៃមិនអាចកាត់ថ្លៃបាន ទៅនឹងកម្លាំងខាងវិញ្ញាណដែលរស់នៅក្នុងទឹកដីកម្ពុជា។

លោកបានបន្ថែមទៀតថា៖ «អ្វីមួយដែលមិនអាចកាត់ថ្លៃបាននេះ គឺជាអ្វីដែលបានភ្ជាប់យើងតាំងពីដើមដំបូងនៃព្រះរាជាណាចក្រកម្ពុជា អ្វីដែលបានភ្ជាប់យើងនៅគ្រប់ដំណាក់កាលលំបាក ហើយអ្វីដែលនឹងបន្តភ្ជាប់យើង។ សូមឱ្យមិត្តភាពរវាងកម្ពុជា និងបារាំង ស្ថិតស្ថេរយូរអង្វែង»។

គួរជម្រាបជូនថា ព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះមហាក្សត្រ និងអធិបតីភាព លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌវប្បធម៌មនុស្សជាតិ៕