ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា សម្តែងមោទនភាពចំពោះកម្ពុជា ដែលបានរៀបចំទទួលស្វាគមន៍ភ្ញៀវអន្តរជាតិយ៉ាងល្អប្រសើរ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
16-11-2026 16:05
(ភ្នំពេញ)៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះប្រទេសកម្ពុជា ដែលបានបំពេញការងាររៀបចំ និងទទួលបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោកបានយ៉ាងល្អប្រសើរ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។
តាមរយៈសារដែលបានបង្ហោះនៅលើបណ្តាញសង្គម នាទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាផ្លូវការ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជារីករាយដែលបានចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie)។ ខ្ញុំមានមោទនភាពចំពោះមិត្តភក្តិជនជាតិកម្ពុជា ដែលបានបំពេញការងារយ៉ាងល្អប្រសើរក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក។ ពិតជាគួរឱ្យរីករាយណាស់ ដែលបានឃើញមនុស្សមកពីប្រទេសជាច្រើននៅក្នុងរាជធានីភ្នំពេញ»។
គួរជម្រាបជូនថា ពិធីបើកកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិអូស៊ីអាយស៊ី (OCIC) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូជាន់ខ្ពស់ និងអង្គទូតមកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក៕










