FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងជំនួបជាមួយប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល (PFWB)

16-11-2026 15:16

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោក Benoît DISPA ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញការពង្រឹងការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងជំរុញការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច។

យោងតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រធានសភា និងគណៈប្រតិភូ ព្រមទាំងបានចាត់ទុកវត្តមានរបស់ប្រតិភូថា ជាការរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប លោក Benoît DISPA ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) បានថ្លែងអំណរគុណចំពោះសម្ដេចតេជោចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានបង្ហាញកិត្តិយសដែលបានអញ្ជើញមកកាន់កម្ពុជា។ លោកបានសម្ដែងការកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបានចាត់ទុកកម្ពុជាជាប្រទេសដែលមានភាពធន់ ដោយបានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងប្រវត្តិសាស្ត្រ ជាពិសេសសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់។

លោកក៏បានលើកឡើងថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាសក្ខីភាពបង្ហាញពីការពង្រឹងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោក ជា ធីរិទ្ធ បានបន្តថា សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងនេះ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការជំរុញការទូតសភា ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្រតិបត្តិផងដែរ។

បន្ថែមពីនេះ សម្ដេចតេជោក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ ជាពិសេសរវាងអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីជំរុញការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ជាពិសេសលើវិស័យសេដ្ឋកិច្ច។

ជាចុងក្រោយ សម្ដេចតេជោបានជូនពរប្រធានសភា និងគណៈប្រតិភូទទួលបានភាពរីករាយក្នុងអំឡុងពេលស្នាក់នៅ និងបំពេញទស្សនកិច្ចនៅកម្ពុជា៕